កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំងទំនើបចំនួន ២០ គ្រឿង ដើម្បីបង្អួតទៅកាន់លោក គីម ជុងអ៊ុន ក្រោយការបង្ហោះមីស៊ីលចំនួន ៨ គ្រាប់ របស់កូរ៉េខាងជើង
- BY
- autoadmin
- June 8, 2022
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្ហាញកងកម្លាំងនៅលើអាការបស់ខ្លួន ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ ដោយបានហោះហើរយន្តហោះចម្បាំងចំនួន ២០ គ្រឿង នៅលើផ្ទៃទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំង ២ បានបញ្ជូនយន្តហោះចម្បាំង F-35A, F-15K និង FK-16 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំងអាមេរិក F-16 ទៅកាន់សមុទ្រលឿង ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងលិចក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលចំនួន ៨ គ្រាប់ របស់ភាគីកូរ៉េខាងជើង។

កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារយៈពេល ៣ថ្ងៃ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក និងជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ។ កាលពីថ្ងៃចន្ទនេះ ប្រទេសទាំង ២ ក៏បានបាញ់បង្ហោះមីស៊ីលពីដីទៅដីចំនួន ៨ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីដូចគ្នាកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង គឺលោក Cho Hyun-dong នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។ ពួកគេបានបញ្ជាក់ថា ប្រទេសរបស់ពួកគេនឹងពង្រឹងការរារាំង និងជំហរការពាររបស់ពួកគេ ហើយអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរួមទាំងប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






