ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញាក់ផ្អើលជាខ្លាំង! ដោយរ៉ូបឆ្លាតវៃនេះបង្ហាញពីចំនួនដែលស្ត្រីត្រូវបានយាយីពីបុរសប៉ុន្មានដង

    BY autoadmin November 30, 2018
    ភ្ញាក់ផ្អើលជាខ្លាំង! ដោយរ៉ូបឆ្លាតវៃនេះបង្ហាញពីចំនួនដែលស្ត្រីត្រូវបានយាយីពីបុរសប៉ុន្មានដង

    ប្រេស៊ីល៖ Schweppes និងភ្នាក់ងារផ្សាយពាណិជ្ជកម្ម Ogilvy បានចាប់ផ្តើមយុទ្ធនាការមួយដែលស្តីពីពីការយាយីទៅលើស្ត្រីនៅក្នុងក្លឹបរាត្រី ដោយពួកគេបានបង្កើតរ៉ូបឆ្លាតវៃមួយកាលពីខែឧសភាដែលអាចពិនិត្យដឹងថាតើមានប៉ុន្មានដងដែលស្ត្រីត្រូវបានគេលូកលាន់នៅពេលដែលពួកគេចូលក្លឹបកម្សាន្តរាត្រីជាមធ្យម។ គម្រោងនេះគេឱ្យឈ្មោះថា «សំលៀកបំពាក់សម្រាប់ការគោរព» ដែលជាការស្លៀកពាក់នូវរ៉ូបដែលបង្កប់ជាមួយនឹងបច្ចេកវិទ្យាម៉្យាង​ និងត្រូវបានបញ្ជូនពត៌មានតាមរយៈប្រព័ន្ធ WiFi ដើម្បីឱ្យក្រុមភ្នាក់ងារម្ខាងទៀតអាចតាមដានពីការរំខានទៅលើស្ត្រីដែលពាក់រ៉ូបនេះនៅក្នុងពេលវេលាជាក់លាក់ណាមួយ។

    ស្ត្រីបីនាក់ត្រូវបានគេបញ្ជូនទៅឱ្យក្នុងពិធីជប់លៀងមួយ ហើយក្នុងរយៈពេលមិនដល់៤ម៉ោងផង ស្ត្រីត្រូវបានគេប៉ះពាល់ចំនួន១៥៧ដង គឺវាប្រហែល៤០ដងក្នុងមួយម៉ោង។ នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងមុនពេលការពិសោធន៍នេះ ក្រុមបុរសខ្លះបាននិយាយថា៖ «ការបៀតបៀនមិនមែនជាបញ្ហាធំសម្រាប់ស្ត្រីនៅក្នុងក្លឹបទេ តើនរណានឹងចេញទៅក្លឹបក្នុងថ្ងៃព្រហស្បតិ៍គ្រាន់តែរាំមួយមុខ?» «វាគ្រាន់តែការត្អូញត្អែរ លើអ្វីៗទាំងអស់របស់ស្រីៗតែប៉ុណ្ណោះ»។ បន្ទាប់មកអ្នកធ្វើតេស្តទាំងនោះបានអញ្ជើញបុរសទាំងនោះឱ្យមើលវីដេអូពិសោធន៍នៅថ្ងៃបន្ទាប់ ហើយពួកគេបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញរូបភាពដែលបង្ហាញពីចំនួនដែលស្ត្រីទទួលការយាយី។

    យ៉ាងណាមិញការបៀតបៀនគឺជាបញ្ហារីករាលដាលនៅក្នុងប្រទេសប្រេស៊ីលដែលស្ត្រី៨៦ភាគរយ ត្រូវបានបុរសៗយាយីនៅក្នុងក្លឹបរាត្រី ហើយពួកគេក៏ត្រូវបានយាយីផ្លូវភេទនៅតាមកន្លែងធ្វើការ នៅតាមផ្លូវ នៅលើឡានក្រុង ឬនៅសាលារៀនផ្សេងៗ។ ការយាយីផ្លូវភេទត្រូវបានគេចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០០១ ប៉ុន្តែសម្រាប់នៅក្នុងករណីនៃទំនាក់ទំនងរវាងថៅកែនិងនិយោជិតប៉ុណ្ណោះ ដូចនេះហើយវាពិតជាអនាធិបតេយ្យដល់ស្ត្រីខ្លាំងណាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ the-pool

    Share This Post: