អន្តរជាតិ

ចក្រភពអង់គ្លេសនិយាយថា ទីក្រុង Mariupol របស់អ៊ុយក្រែន កំពុងស្ថិតក្នុងហានិភ័យនៃការផ្ទុះជំងឺអាសន្នរោគ

BY
autoadmin
June 10, 2022

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុង Mariupol ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនៃជំងឺអាសន្នរោគធំមួយ (Cholera) ខណៈដែលសេវាវេជ្ជសាស្រ្តរបស់ប្រទេសនេះ ទំនងជាជិតដួលរលំរួចទៅហើយដោយសារសង្គ្រាមជាមួយរុស្ស៊ី។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតនៅលើបណ្ដាញ Twitter ថា ក្នុងទីក្រុង Kherson របស់អ៊ុយក្រែនទំនងជាកំពុងខ្វះខាតថ្នាំយ៉ាងធ្ងន់ធ្ងរ ខណៈដែលរុស្ស៊ីក៏មានលំបាកដូចគ្នា នៅក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៅក្នុងទឹកដីដែលខ្លួនបានរឹបអូសមួយនេះ។

កាលពីខែមុន លោក Dorit Nitzan ប្រធានគ្រប់គ្រងឧប្បត្តិហេតុអ៊ុយក្រែនរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ទីក្រុង Mariupol ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីបន្ទាប់ពីការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ គឺស្ថិតក្នុងចំណោមតំបន់កាន់កាប់ដែលមានហានិភ័យនៃជំងឺអាសន្នរោគនេះ។ គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនធ្លាប់មានការផ្ទុះឡើងយ៉ាងទូលំទូលាយនៅក្នុងប្រទេស ជាមួយនឹងជំងឺអាសន្នរោគ Cholera កាលពីឆ្នាំ១៩៩៥ ហើយតាំងពីនោះមក ក៏មានការផ្ទុះឡើងក្នុងចំនួនតូចជាបន្ដបន្ទាប់ ជាពិសេសនៅឆ្នេរសមុទ្រ Azov ដែលរួមមានទាំងតំបន់ Mariupol ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: