អន្តរជាតិ

កូរ៉េខាងជើងបានបង្ហោះមីស៊ីលចំនួន ៥គ្រាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ

BY
autoadmin
June 13, 2022

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអាទិត្យ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា មីស៊ីលទាំងនោះត្រូវបានបាញ់នៅចន្លោះម៉ោង ៨:០៧ នាទី ព្រឹកដល់ម៉ោង ១១:០៣ ព្រឹក។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលប្រហែល ៥គ្រាប់ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រលឿងនៃភាគខាងលិចនៃឧបទ្វីបកូរ៉េ។

យោធាកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ខ្លួនកំពុងរក្សាជំហរត្រៀមខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ស្របពេលដែលជំរុញការឃ្លាំមើលលើកូរ៉េខាងជើង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានកោះប្រជុំដើម្បីពិភាក្សាអំពីការឆ្លើយតបបញ្ហាផងដែរ។ ក្រុមមន្ត្រីជាច្រើនបានសម្តែងការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវសព្វាវុធផ្សេងៗ ដែលជាការបង្កការគំរាមកំហែងដោយផ្ទាល់ដល់កូរ៉េខាងត្បូង។ ពួកគេ​បាន​បញ្ជាក់​ជំហរ​របស់​ទីក្រុង​សេអ៊ូល​ថា នឹង​ឆ្លើយតបទៅវិញ​យ៉ាង​ម៉ឺងម៉ាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: