អន្តរជាតិ

អង់គ្លេសបានរកឃើញករណីជំងឺអុតស្វា monkeypox ចំនួន ១០៤ ករណីបន្ថែមទៀត, ដែលជាការផ្ទុះឡើងធំបំផុតនៅក្រៅទ្វីបអាហ្រ្វិក

BY
autoadmin
June 14, 2022

អង់គ្លេសបានរកឃើញករណីជំងឺអុតស្វា monkeypox ចំនួន ១០៤ ករណី បន្ថែមទៀត ដែលបានធ្វើឱ្យវាក្លាយជាការផ្ទុះដ៏ធំបំផុតមួយនៅក្រៅទ្វីបអាហ្រ្វិក។ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃច័ន្ទថា គិតមកទល់នឹងពេលនេះ អង់គ្លេសមានករណីជំងឺអុតស្វាចំនួន ៤៧០ ករណី នៅទូទាំងប្រទេស ដោយភាគច្រើនជាបុរសស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកវិទ្យាសាស្ត្របានព្រមានថា អ្នកណាក៏ដោយ ដោយមិនគិតពីទំនោរផ្លូវភេទ គឺងាយនឹងកើតជំងឺអុតស្វានេះខ្លាំងណាស់ ប្រសិនបើពួកគេនៅជិត ប៉ះរាងកាយជាមួយអ្នកដែលមានមេរោគ ឬសម្លៀកបំពាក់រួមគ្នា ឬមិនមានអនាម័យកម្រាលពូក។

យោងតាមទិន្នន័យរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា រហូតមកដល់ពេលនេះ ៩៩% នៃករណីជំងឺអុតស្វា monkeypox បានកើតលើបុរស ហើយភាគច្រើនគឺនៅទីក្រុងឡុងដ៍ ដែលជារាជធានីរបស់ប្រទេសនេះតែម្ដង។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១,២៨៥ ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ២៨ ដែលជំងឺអុតស្វា មិនធ្លាប់មាន ឬជាជំងឺកម្រនៅទីនោះ។ បន្ទាប់​ពី​ចក្រភព​អង់គ្លេសទៅ ចំនួន​ករណីជំងឺអុតស្វា​ច្រើន​បំផុត ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ប្រទេស​អេស្ប៉ាញ អាល្លឺម៉ង់ និង​កាណាដា៕

អត្ថបទ៖ លីដា
ប្រភព៖ US News

Share This Post: