អន្តរជាតិ

មកដឹងពីប្រវត្តិ លក្ខណៈពិសេស និងតម្លៃពានរង្វាន់ FIFA World Cup ដែលទើបតែមកដល់ទឹកដីកម្ពុជា

BY
autoadmin
June 15, 2022

ខណៈពេលដែលកម្ពុជាកំពុងស្វាគមន៍ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup ថ្ងៃនេះខ្មែរណូត នឹងរៀបរាប់ត្រួសៗអំពីប្រវត្តិខ្លះៗរបស់ពានរង្វាន់ដ៏អស្ចារ្យមួយនេះ។ World Cup គឺជាពានរង្វាន់មាស ដែលត្រូវប្រគល់ជូនប្រទេសណាមួយដែលឈ្នះការប្រកួតបាល់ទាត់សមាគម FIFA World Cup ។ ចាប់តាំងពីការមកដល់នៃការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ ពានរង្វាន់ចំនួន ២ ត្រូវបានប្រើប្រាស់ គឺពានរង្វាន់ Jules Rimet ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ និងពានរង្វាន់ FIFA World Cup ពីឆ្នាំ១៩៧៤ ដែលត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ វាគឺជាពានមួយ ក្នុងចំណោមពានរង្វាន់ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡា ដោយសារវាមានតម្លៃរហូតដល់ទៅ ២០ លានដុល្លារឯណោះ។

ពានរង្វាន់ទី១ មានឈ្មោះដើមថា Victory ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅជា Jules Rimet ដើម្បីជាកិត្តិយសដល់ប្រធាន FIFA លោក Jules Rimet ដែលជាអ្នកបង្កើតព្រឹត្តិការណ៍ World Cup ។ ពានរង្វាន់ Jules Rimet ត្រូវបានគេធ្វើពីប្រាក់ស្រោបមាស និងត្បូង Lapis lazuli និងឆ្លាក់ជារូប Nike (មិនមែនប្រ៊េនស្បែកជើង) ដែលជាទេពធីតានៃជ័យជំនះរបស់ក្រិច។ ប្រេស៊ីលបានឈ្នះពានរង្វាន់ Jules Rimet ទាំងស្រុងក្នុងឆ្នាំ១៩៧០ ដែលជំរុញឱ្យមានការប្ដូរពានរង្វានថ្មី។ គួរឱ្យដឹងដែរថា ពាន Jules Rimet Trophy ដើម ​ត្រូវ​បាន​គេ​លួច​ក្នុង​ឆ្នាំ១៩៨៣ ហើយ​រកមិនឃើញនោះទេ ចាប់តាំងពីនោះមក។

ចំណែកពានរង្វាន់បន្ទាប់ដែលហៅថា «ពានរង្វាន់ FIFA World Cup Trophy» ត្រូវបានណែនាំក្នុងឆ្នាំ១៩៧៤ ដែលជាពានធ្វើពីមាស ១៨ ការ៉ាត់ ជាមួយនឹងរ៉ែ malachite នៅលើមូលដ្ឋានរបស់វា។ វាមានកម្ពស់ ៣៦.៨ សង់ទីម៉ែត្រ និងទម្ងន់ ៦.១ គីឡូក្រាម ដែលធ្វើឡើងដោយក្រុមហ៊ុន Stabilimento Artistico Bertoni ក្នុងប្រទេសអ៉ីតាលី។ ពានរង្វាន់នេះក៏មិនខុសពីពានរង្វាន់ចាស់នោះដែរ គឺវាធ្លាប់ត្រូវបានចោរលួចនៅឆ្នាំ១៩៦៦ ប៉ុន្តែត្រូវបានរកឃើញមកវិញ ដោយសុនកមួយក្បាលឈ្មោះថា Pickles ។

ពានរង្វាន់ FIFA World Cup Trophy ពិតប្រាកដ (ដើម) ត្រូវបានដាក់តាំងជាអចិន្ត្រៃយ៍នៅសារមន្ទីរបាល់ទាត់ពិភពលោករបស់ FIFA ក្នុងទីក្រុង Zurich ប្រទេស​ស្វីស។ ពានអាច​ចាក​ចេញ​ពី​ទីនោះ​បាន លុះត្រាតែ​មានដំណើរ​ទេសចរណ៍ FIFA World Cup Trophy Tour ហើយ​វា​ក៏​មាន​វត្តមាន​ក្នុង​ការ​ចាប់​ឆ្នោត​ចុងក្រោយ​សម្រាប់ World Cup បន្ទាប់ និង​នៅ​លើ​ទីលាន ក៏ដូចជាការដាក់តាំង​នៅថ្ងៃ World Cup ផ្ដាច់ព្រ័ត្រ។ សម្រាប់ពាន FIFA World Cup ដែលគេប្រគល់ទៅឱ្យក្រុមដែលឈ្នះ គឺជាពានដែលយកចម្លងតាម (replica) ពានដើមប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ World Soccer

Share This Post: