អភិបាលក្រុងបាងកកបានចេញវិធានការចំនួន ៩ ចំណុច ដើម្បីធ្វើឱ្យសាលារៀនជាតំបន់គ្មានកញ្ឆា ក្រោយប្រទេសថៃទើបតែអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាក្នុងអាហារ និងភេសជ្ជៈ
- BY
- autoadmin
- June 16, 2022
រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបញ្ជាឱ្យសាលារៀនក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងអស់ ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការចំនួន ៩ ដើម្បីការពារ និងត្រួតពិនិត្យការប្រើប្រាស់កញ្ឆា និងដើម Hemp (រុក្ខជាតិម្យ៉ាងដូចនឹងកញ្ឆា) នៅក្នុងចំណោមសិស្សានុសិស្ស បន្ទាប់ពីរុក្ខជាតិទាំង ២ ត្រូវបានដកចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់កាលពីសប្តាហ៍មុន។ បទបញ្ជាដែលចុះហត្ថលេខាយ៉ាងច្បាស់ ដោយអភិបាលលោក Chadchart Sitthiphan បានកំណត់ថា សាលារៀនទាំងអស់ដែលគ្រប់គ្រងដោយ BMA ត្រូវតែអនុវត្តតាមវិធានការដែលបានចែងខាងក្រោមនេះ៖

១. សាលារៀនទាំងអស់ត្រូវតែជាតំបន់គ្មានកញ្ឆា និងដើម Hemp
២. គ្មានការលក់អាហារ ចំណី ឬ ភេសជ្ជៈ ដែលមានលាយសារធាតុកញ្ឆា និងដើម Hemp ជាគ្រឿងផ្សំ
៣. គ្មានការផ្សាយពាណិជ្ជកម្មអាហារ អាហារសម្រន់ ឬភេសជ្ជៈដែលមានកញ្ឆា ឬដើម Hemp ជាគ្រឿងផ្សំ
៤. នាយកប្រតិបត្តិសាលា គ្រូបង្រៀន និងបុគ្គលិក ត្រូវត្រួតពិនិត្យសិស្ស ដើម្បីទប់ស្កាត់ការប្រើប្រាស់រុក្ខជាតិទាំង ២ នៅក្នុងសាលា ហើយត្រូវធ្វើជាគំរូល្អដល់សិស្ស
៥. សាលារៀនត្រូវតែផ្តល់ចំណេះដឹង និងការយល់ដឹងអំពីកញ្ឆា ឬដើម Hemp និងគ្រោះថ្នាក់ណាមួយ តាមរយៈការសិក្សាក្នុងថ្នាក់រៀនសម្រាប់សិស្សគ្រប់កម្រិត
៦. ស្ថាប័នត្រូវរៀបចំសកម្មភាពសិក្សាផ្សេងៗ ដោយផ្អែកលើចំណាប់អារម្មណ៍របស់សិស្ស ដែលសង្កត់ធ្ងន់លើហានិភ័យនៃការទទួលទានកញ្ឆា ឬដើម Hemp
៧. សាលារៀនក៏ត្រូវតែដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈផងដែរ ដើម្បីបង្កើនការយល់ដឹងរបស់សិស្សអំពីផលប៉ះពាល់នៃកញ្ឆា និងដើម Hemp លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត
៨. ស្ថាប័នត្រូវសម្របសម្រួលជាមួយមាតាបិតា សហគមន៍ជុំវិញ និងអាជីវករនៅតាមតំបន់សាលារៀន ដើម្បីទប់ស្កាត់ការលក់អាហារ អាហារសម្រន់ ឬភេសជ្ជៈដែលមានកញ្ឆា ឬដើម Hemp ជាគ្រឿងផ្សំ
9. សាលារៀនត្រូវសម្របសម្រួលជាមួយការិយាល័យសុខភាពសាធារណៈ និងការិយាល័យស្រុក ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការប្រើប្រាស់កញ្ឆា និងដើម Hemp ក្នុងចំណោមសិស្សៗ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






