អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Zipair បានប្រកាសប្ដូរឡូហ្គោអក្សរ «Z» របស់ខ្លួន ដើម្បីកុំឱ្យមានការយល់ច្រឡំថាខ្លួនគាំទ្ររុស្ស៊ី

BY
autoadmin
June 16, 2022

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Zipair Tokyo Inc របស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលស្លាកសញ្ញារបស់ខ្លួនដែលមានអក្សរ «Z» ដើម្បីជៀសវាងការយល់ច្រឡំ ដោយសារកន្លងមកអក្សរ «Z» គឺជានិមិត្តសញ្ញាគាំទ្រសង្រ្គាម ដែលតែងតែឃើញមាននៅលើរថយន្តយោធារុស្ស៊ី។ ប្រធានក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Japan Airlines Co បានប្រាប់សន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋាន Narita កាលពីថ្ងៃពុធថា មនុស្សមួយចំនួនអាចយល់ច្រឡំថា យើងគាំទ្រលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែឡូហ្គោរបស់ក្រុមហ៊ុន។

លោក Shingo Nishida បាននិយាយថា៖«ខ្ញុំគិតថាមនុស្សមួយចំនួនអាចមានអារម្មណ៍បែបនេះ នៅពេលដែលពួកគេឃើញវា ដោយមិនអាចពន្យល់បានឡើយ»។ ក្រុមហ៊ុន​បាន​បន្ត​ថា ឡូហ្គោ​ថ្មី​នឹង​មាន​លំនាំ​ធរណីមាត្រ​ជា​ពណ៌​បៃតង ខ្មៅ និង​ស។ គួរឱ្យដឹងដែរថា Zipair ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២០ គឺជាក្រុមហ៊ុន LCC ឯកទេសជើងហោះហើរអន្តរជាតិ គ្រោងនឹងចាប់ផ្តើមផ្លូវទីប្រាំមួយរបស់ខ្លួនទៅកាន់ទីក្រុង San Jose រដ្ឋ California ក្នុងខែធ្នូ។ ឡូហ្គោថ្មីនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃសៅរ៍ ហើយអក្សរ Z នៅលើកន្ទុយរបស់យន្ដហោះ B-787s នឹងត្រូវលាបពណ៌លុបចេញ៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Today

Share This Post: