ចិនបានចេញផ្សាយរបាយការណ៍មួយដោយចៃដន្យថា បានរកឃើញរលកសញ្ញារបស់ពួកក្រៅភព ក្រោយមកក៏លុបវាចោលវិញ
- BY
- autoadmin
- June 18, 2022
គេហទំព័រព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំថ្ងៃ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន បានបង្ហាញ របាយការណ៍មួយដែលត្រូវបានចុះផ្សាយកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា តេឡេស្កូប Sky Eye របស់ចិន អាចរកឃើញសញ្ញានៃជីវិតក្រៅភព ប៉ុន្តែក្រោយមកបានលុបរបាយការណ៍នេះវិញ។

របាយការណ៍នេះ បានដកស្រង់ចេញពីបទសម្ភាសន៍ជាមួយលោក Zhang Tong-Zye ប្រធានក្រុមស្រាវជ្រាវអារ្យធម៌ក្រៅភព ដោយលទ្ធផលបានមកពីកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ Peking Normal សាលតារាសាស្ត្រជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកលី ថា សញ្ញាអេឡិចត្រូម៉ាញ៉េទិចដែលថតដោយតេឡេស្កូប Sky Eye ខុសពីសញ្ញាមុនៗ ដែលមិនធ្លាប់ត្រូវបានរកឃើញ។ លោក Zhang បាននិយាយថា បើវាមិនមែនជាសញ្ញាក្រៅភពទេ វាអាចជាសញ្ញារំខាន ដែលត្រូវតែពិនិត្យបន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ទេថាហេតុអ្វីបានជារបាយការណ៍ត្រូវបានដកចេញពីគេហទំព័រ ចំណែកការលុបចេញនូវព័ត៌មានខាងលើបានទទួលការចែករំលែកតៗគ្នាជាច្រើននៅតាមបណ្តាសង្គមនិងទាំងលើអ៉ីនធឺណិតនៅក្នុងប្រទេសចិន ហើយក្រោយមកត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលចិនផ្សេងទៀតទៅវិញ។
ចំណែកកាមេរ៉ាទូរទស្សន៍ Sky Eye មានទីតាំងនៅខេត្ត Guizhou ប្រទេសចិន វាមានអង្កត់ផ្ចិត ៥០០ម៉ែត្រ ហើយត្រូវបានបើកជាផ្លូវការ ដើម្បីស្វែងរកជីវិតក្រៅភពក្នុងខែកញ្ញា ឆ្នាំ២០២០។ លោក Zhang បាននិយាយនៅក្នុងរបាយការណ៍នោះថា« ក្រុមការងារបានរកឃើញសញ្ញាគួរឱ្យសង្ស័យពីដំបូងក្នុងឆ្នាំ២០២០ ខណៈពេលដែលកំពុងដំណើរការទិន្នន័យដែលប្រមូលបានពេញមួយឆ្នាំ២០១៩ ហើយក៏មានសញ្ញាគួរឱ្យសង្ស័យមួយផ្សេងទៀតត្រូវបានរកឃើញនៅឆ្នាំ២០២២ ពីការសង្កេតលើគោលដៅក្រៅភព៕


អត្ថបទ៖ Bee
ប្រភព៖ hindustantimes
- Share This Post:






