សោកស្ដាយ! ក្រុមហ៊ុន Revlon បានដាក់ពាក្យសុំក្ស័យធន ក្រោយឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ
- BY
- autoadmin
- June 18, 2022
ក្រុមហ៊ុន Revlon, Inc. ដែលឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការរបស់រដ្ឋញូវយ៉កកាលពីថ្ងៃពុធ ទី១៥ មិថុនា ជុំវិញបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងបំណុលដ៏ធំ រួមទាំងការប្រកួតប្រជែងពីដៃគូនៅក្នុងទីផ្សារ។ ក្រុមហ៊ុនផលិតគ្រឿងសម្អាងក៏បាននិយាយផងដែរថា ខ្លួននឹងទទួលបាន ប្រាក់ចំនួន ៥៧៥ លានដុល្លារ បន្ថែមលើអ្នកផ្តល់ប្រាក់កម្ចីបច្ចុប្បន្ន ដើម្បីធ្វើការគ្រប់គ្រងការងារប្រចាំថ្ងៃដូចធម្មតា។

នាយកប្រតិបត្តិក្រុមហ៊ុន Revlon Inc. (CEO) លោក Debra Perelman បាននិយាយថា តម្រូវការអ្នកប្រើប្រាស់សម្រាប់ផលិតផលរបស់ Revlon នៅតែមានកម្រិតខ្ពស់ ប៉ុន្តែមូលហេតុដែលក្រុមហ៊ុនឈានមកដល់ចំណុចនេះមានបំណុលច្រើននេះ គឺដោយសាររចនាសម្ព័ន្ធហិរញ្ញវត្ថុមានការលំបាក។ ក្រុមហ៊ុន Revlon ប្រឈមមុខនឹងគូប្រជែងពីក្រុមហ៊ុនធំៗទាំងពីរដូចជា Procter & Gamble និងគ្រឿងសំអាងពីម៉ាកល្បីៗដូចជា Kylie របស់ Kylie Jenner និងអតីតតារាចម្រៀង Rihanna គឺFenty Beauty Rihanna ដែលមិនបានចំណាយប្រាក់ច្រើនលើទីផ្សារ ព្រោះមានអ្នកតាមច្រើនរួចទៅហើយនៅលើបណ្ដាញសង្គម។
ចំណែកការលក់ Revlon ក៏កាន់តែជួបបញ្ហាធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត កូវីដ-១៩ ផងដែរ ដែលបណ្តាលឱ្យមានការចាក់សោរនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យការដើរទិញទំនិញក្នុងមជ្ឈមណ្ឌលលក់ទំនិញមានការយឺតយ៉ាវ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ត្រូវពាក់ម៉ាស់ ជាហេតុធ្វើឱ្យការលក់ក្រែមលាបមាត់បានធ្លាក់ចុះ ២១% មកនៅត្រឹម ១.៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ មុននឹងងើបឡើងវិញ ៩.២% មកនៅត្រឹម ២.០៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទោះបីជាយ៉ាងនេះក្តី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Revlon និងម៉ាកល្បីៗជុំវិញពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតវត្ថុធាតុដើម និងការផ្គត់ផ្គង់ចូលផលិតកម្ម ដោយសារតែ បញ្ហានៃការកើនឡើងតម្លៃវត្ថុធាតុដើម និងកង្វះកម្លាំងពលកម្ម៕


អត្ថបទ៖ Bee
ប្រភព៖ theguardian
- Share This Post:






