លោក ប្រាយុទ្ធ ចាន់អូចា បានទទូចថា រដ្ឋាភិបាលថៃនៅមិនទាន់អាចដកក្រឹត្យគ្រាអាសន្នចេញបានទេ
- BY
- autoadmin
- June 21, 2022
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ បានទទូចថា រដ្ឋាភិបាលរបស់លោកមិនទាន់អាចលុបចោលក្រឹត្យស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នជុំវិញបញ្ហាជំងឺ COVID-19 នៅឡើយទេ ដោយសារនៅតែមានការព្រួយបារម្ភថា ក្រឹត្យពិសេសនេះនៅតែត្រូវការចាំបាច់ ទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ ហើយគណៈរដ្ឋមន្ត្រីនឹងវាយតម្លៃស្ថានភាពជំងឺ COVID-19 ឡើងវិញ នៅពេលដែលពេលវេលាសមស្រប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍។

ការកត់សម្គាល់របស់លោក ប្រាយុទ្ធ បានធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) លោក Rangsiman Rome បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបន្តក្រឹត្យគ្រាអាសន្ន ដែលត្រូវបានពន្យារពេលរហូតដល់ទៅ ១៨ដង ក្នុងរយៈពេល ២ឆ្នាំ មួយនេះ។ លោក Rangsiman បានទាមទារឱ្យរដ្ឋាភិបាលលុបចោលក្រឹត្យនេះ ដោយលោកបានអះអាងថា វាត្រូវបានប្រើដើម្បីចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ជាជាងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។
នាយករដ្ឋមន្ត្រីថៃបាននិយាយថា ក្រិត្យគ្រាអាសន្នត្រូវបានដាក់ចេញ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ហើយច្បាប់ពិសេសនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជួយសម្រេចបាននូវគោលដៅនោះ។ លោកថា រដ្ឋាភិបាលនឹងត្រូវពិនិត្យមើលស្ថានភាពជំងឺ COVID-19 សាជាថ្មី ហើយសម្រេចថា តើក្រឹត្យបន្ទាន់នៅតែចាំបាច់ ឬអត់។ លោកបានបន្តថា ប្រសិនបើក្រឹត្យគ្រាអាសន្នត្រូវបានគេដកចេញ រដ្ឋាភិបាលនឹងនៅមានតែច្បាប់សុខភាពសាធារណៈប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






