អ្នកកាសែតជនជាតិរុស្ស៊ីម្នាក់ បានដាក់ដេញថ្លៃរង្វាន់ណូបែលសន្ដិភាពរបស់គាត់ បានតម្លៃរហូតដល់ ១០៣.៥ លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួននៅអ៊ុយក្រែន
- BY
- autoadmin
- June 21, 2022
កាលពីកំឡុងពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនដំបូងៗ មានអ្នកកាសែតរុស្ស៊ីម្នាក់បានប្រកាសថា គាត់ចង់ដាក់ដេញថ្លៃរង្វាន់ណូបែលសន្ដិភាព ដែលគាត់បានឈ្នះកាលពីឆ្នាំ២០២១ (2021 Nobel Peace Prize) ដើម្បីរៃអង្គាសថវិកា សម្រាប់ជួយដល់ជនភៀសខ្លួននៅអ៊ុយក្រែន។ ឥឡូវនេះគាត់ពិតជាធ្វើវាបានមែន ដោយគាត់រៃអង្គាសបាន ១០៣.៥ លានដុល្លារ ពីការដាក់ដេញថ្លៃរង្វាន់ណូបែលរបស់គាត់ តាមរយៈក្រុមហ៊ុនដេញថ្លៃ Heritage Auctions នៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ហើយឈ្មោះអ្នកទិញមិនត្រូវបានកំណត់អត្តសញ្ញាណទេ។

ក្រុមហ៊ុនដេញថ្លៃ Heritage Auctions និយាយថា ប្រាក់ចំណូលទាំងអស់នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការយូនីសេហ្វ សម្រាប់កុមារដែលផ្លាស់ទីលំនៅរបស់ប្រទេសអ៊ុយក្រែន។
អ្នកកាសែតម្នាក់នោះមានឈ្មោះថា Dmitry Muratov ហើយគាត់គឺជានិពន្ធនាយករបស់កាសែតរុស្ស៊ីឯករាជ្យ Novaya Gazeta ។ គាត់បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ រួមគ្នាជាមួយលោកស្រី Maria Ressa ដែលជាអ្នកកាសែតមកពីប្រទេសហ្វីលីពីន។ កាសែត Novaya Gazeta របស់គាត់ ក៏បានរិះគន់យ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយជាលទ្ធផលធ្វើឱ្យកាសែតនេះ ត្រូវផ្អាកការបោះពុម្ពផ្សាយរបស់ខ្លួននៅក្នុងខែមីនា នៅពេលដែលរដ្ឋាភិបាលរុស្ស៊ីធ្វើការរឹតបន្ដឹងលើប្រព័ន្ធផ្សព្វផ្សាយ៕


អត្ថបទ៖ លីដា
ប្រភព៖ New York Times
- Share This Post:






