អង្គការសហប្រជាជាតិ សម្រេចផ្លាស់កិច្ចពិភាក្សាអំពីជីវចម្រុះ COP15 ពីប្រទេសចិនទៅកាណាដា ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩នៅប្រទេសចិន
- BY
- autoadmin
- June 22, 2022
អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងផ្លាស់ប្តូរកិច្ចពិភាក្សាអំពីជីវចម្រុះ (COP15 biodiversity) ចេញពីប្រទេសចិនទៅកាន់ប្រទេសកាណាដា បន្ទាប់ពីមានការពន្យារពេលជាច្រើនទាក់ទងនឹងជំងឺ COVID-19 នៅក្នុងប្រទេសចិនដែលជាម្ចាស់ផ្ទះ។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវសាស្រ្ត ដែលគេហៅថា «COP15» គឺមានគោលបំណងអនុម័តក្របខ័ណ្ឌជីវចម្រុះថ្មី ដើម្បីជំនួសគោលដៅឆ្នាំ២០២០ ដែលបានអនុម័តនៅក្នុងសន្និសីទឆ្នាំ២០១០ នៅក្នុងខេត្ត Aichi របស់ប្រទេសជប៉ុន។ កាលនោះ គោលដៅជីវចម្រុះ Aichi ត្រូវបានគេសន្មត់ថា នឹងបញ្ឈប់ការថយចុះនៃចំនួនសត្វព្រៃ និងការបំផ្លាញព្រៃឈើ ប៉ុន្តែគោលដៅជាច្រើនរបស់វាមិនអាចសម្រេចបាននោះទេ។

កិច្ចប្រជុំលើកនេះ ដំបូងឡើយគ្រោងនឹងរៀបចំនៅទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិនក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលតាំងពីនោះមក។ បន្ទាប់ពីកិច្ចប្រជុំតាមអ៉ីនធឺណិតក្នុងខែតុលា ឆ្នាំ២០២១ ការប្រជុំដោយផ្ទាល់ត្រូវបានគេកំណត់ពេលនឹងធ្វើឡើងនៅទីក្រុងគុនមីង ចាប់ពីខែមេសា ដល់ខែឧសភាឆ្នាំនេះ។ ប៉ុន្តែការប្រជុំត្រូវបានពន្យារពេលជាថ្មីម្តងទៀត ដោយសារការឆ្លងនៃជំងឺ COVID-19 ក្នុងប៉ុន្មានរយៈចុងក្រោយនេះ។ លេខាធិការដ្ឋានអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា COP15 នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី០៥ និង១៧ ខែធ្នូ នៅទីក្រុងម៉ុងរ៉េអាល់ ខណៈដែលប្រទេសចិននឹងនៅតែជាប្រធានដដែល បើទោះបីជាមានការប្ដូរទីតាំងក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






