អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើការផ្លាស់​ប្ដូរពីការឃុំខ្លួននៅផ្ទះ ទៅ​ជាការឃុំ​ខ្លួន​ម្នាក់ឯង​នៅពន្ធនាគារ

BY
autoadmin
June 23, 2022

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេផ្លាស់ពីការឃុំខ្លួនក្នុងផ្ទះ ទៅជាការឃុំឃាំងតែម្នាក់ឯង នៅក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានីណៃពីដោ។ លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អនុលោមតាមច្បាប់ព្រហ្មទណ្ឌ … (លោកស្រី អ៊ុងសាន ស៊ូជី) ត្រូវឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារ» ចាប់តាំងពីថ្ងៃពុធ។ រំលឹកដែរថា ចាប់តាំងពីការទម្លាក់លោកស្រីនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដោយមានទាំងបុគ្គលិកជាច្រើននាក់ និងឆ្កែរបស់គាត់ផងដែរ នៅក្នុងទីតាំងដែលមិនបានបង្ហាញជាសាធារណៈឡើយ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។

អតីតម្ចាស់ជ័យលាភីណូបែល អាយុ ៧៧ ឆ្នាំរូបនេះ អាចត្រឹមចាកចេញពីបរិវេណនោះ នៅពេលដែលគាត់ចូលរួមសវនាការ សម្រាប់ការកាត់ក្តីរបស់គាត់ប៉ុណ្ណោះ។ ពោលគឺនៅពេលដែលលោកស្រីត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុប ១៥០ឆ្នាំ។ ជាមួយគ្នានេះដែរ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានហាមប្រាមមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកកាសែត ត្រូវបានគេរារាំងពីការកាត់ក្តីរបស់គាត់។ លោកស្រីត្រូវបានកាត់ទោសពីបទពុករលួយ ញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់ជំងឺ COVID-19 និងបំពានច្បាប់ទូរគមនាគមន៍ ដោយតុលាការបានកាត់ទោសនាងឱ្យជាប់គុក ១១ ឆ្នាំ មកទល់ពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: