អន្តរជាតិ

​រុស្ស៊ី​បើកការ​វាយប្រហារតាមអាកាសលើទី​ក្រុង​គៀវ ខណៈ​កិច្ចប្រជុំ​កំពូល G7 កំពុងចាប់ផ្តើម​នៅ​អឺរ៉ុប

BY
autoadmin
June 27, 2022

កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅទៅលើរដ្ឋធានីគៀវរបស់អ៊ុយក្រែន ជាមួយនឹងការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំនៃបណ្តាប្រទេស G7 កំពុងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ។ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់​ ៦​នាក់​ រង​របួស​ នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​ ដែល​បាន​បាញ់​ទៅ​លើ​ប្លុក​ផ្ទះ​ល្វែង​មួយ​ក្នុង​ទីក្រុងគៀវ។ អភិបាលរងក្រុងលោក Volodymyr Bondarenko បាននិយាយថា អ្នករបួស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

លោក Bondarenko ក៏បាននិយាយផងដែរថា សាលាមត្តេយ្យមួយត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ ហើយវីដេអូពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែន ក៏បានបង្ហាញពីសំបកមីស៊ីលដ៏ធំមួយ នៅក្នុងទីធ្លាខាងក្រោយសាលាមត្តេយ្យនោះ។ លោក​បាន​បន្ត​ថា អ្នក​ដែល​រង​របួស​នៅ​ក្នុង​ប្លុក​លំនៅឋាន​រួម​មាន ក្មេង​ស្រី​អាយុ ៧ឆ្នាំ​ម្នាក់ ដែលម្តាយរបស់នាងឈ្មោះ Katerina អាយុ ៣៥ឆ្នាំ ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ គាត់គឺជាពលរដ្ឋរុស្ស៊ី ប៉ុន្តែបានរស់នៅក្នុងទីក្រុងគៀវ អស់រយៈពេលជាយូរមកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Time

Share This Post: