ជំងឺគ្រុនផ្តាសាយកំពុងមានការកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី ខណៈរដូវរងាកំពុងឈានចូលមកដល់
- BY
- autoadmin
- June 27, 2022
ករណីជំងឺគ្រុនផ្តាសាយកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលរដូវរងាកំពុងឈានចូលមកដល់នៅក្នុងប្រទេសអឌ្ឍគោលខាងត្បូងមួយនេះ។ មន្ត្រីសុខាភិបាលបាននិយាយថា ករណីជំងឺគ្រុនផ្តាសាយច្រើនជាង ១៤៧,០០០ ករណី ត្រូវបានរាយការណ៍នៅក្នុងឆ្នាំនេះ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ជាមួយនឹងការស្លាប់ចំនួន ៥៤ ករណី។ ពួកគេក៏និយាយផងដែរថា ចាប់តាំងពីខែមេសា នៅពេលដែលចំនួននៃការឆ្លងចាប់ផ្តើមកើនឡើង មនុស្សប្រហែល ១,០០០ នាក់ មានរោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈ ៦០ នាក់ ក្នុងចំណោមពួកគេ ឬ ៦% ត្រូវបានបញ្ជូនចូលបន្ទប់ ICU ។ អាជ្ញាធរបានបន្ថែមដែរថា មានតែករណីចំនួន ៣៥០ ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅឆ្នាំមុន នៅក្នុងកំឡុងពេលដូចគ្នានេះ ហើយគ្មានការស្លាប់នោះទេ។

យ៉ាងណាក៏ដោយ ការរឹតត្បិតចំពោះជំងឺ COVID-19 និងវិធានការប្រឆាំងមេរោគ ដូចជាការពាក់ម៉ាស់ចាំបាច់ ការលាងដៃ និងការសម្លាប់មេរោគ ត្រូវបានគេជឿថា ជាកត្តាចម្បងនៅពីក្រោយចំនួននៃការឆ្លងទាបទាំងនេះ។ អនុប្រធានសមាគមវេជ្ជសាស្ត្រអូស្ត្រាលី លោក Chris Moy បាននិយាយថា យើងត្រូវតែចងចាំថា ជាពិសេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ មានករណីជំងឺគ្រុនផ្ដាសាយតិចតួច គឺដោយសារមានការរឹតបន្តឹងនៃជំងឺ COVID-19 ។ ប៉ុន្តែដោយសារសព្វថ្ងៃ ការរឹតត្បឹតត្រូវបានបន្ធូរបន្ថយ ហើយសាលារៀនជាច្រើនឈានចូលដល់ថ្ងៃឈប់សម្រាក រដ្ឋាភិបាលគឺកំពុងជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយ និងមានវិធានការការពារខ្លួន។ មនុស្សដែលមានអាយុពី ៦៥ឆ្នាំ កុមារអាយុចន្លោះពី ៦ខែ ដល់ ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានស្ថានភាពងាយនឹងឆ្លងជំងឺ ត្រូវបានណែនាំជាពិសេសឱ្យចាក់វ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






