អន្តរជាតិ

កងកម្លាំងរុស្សីបានបើកការវាយប្រហារដោយមីស៊ីលនៅទីក្រុង Kremenchuk ដែលបណ្ដាលឱ្យមានការបាត់បង់ជីវិតពលរដ្ឋអ៊ុយក្រែនចំនួន ១៦នាក់ និង ៥៩នាក់ ត្រូវរងរបួស

BY
autoadmin
June 28, 2022

ប្រធានសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្សី ទៅលើផ្សារមមាញឹកមួយ នៅកណ្តាលទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ ដែលកំពុងបង្កឱ្យមានការខឹងសម្បារជាអន្តរជាតិចំពោះទង្វើនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងការបង្ហោះលើ Telegram ថា៖«ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃនេះ លើមជ្ឈមណ្ឌលផ្សារទំនើបនៅ Kremenchuk គឺជាអំពើភេរវកម្មដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុប»។ ប្រធានសេវាសង្គ្រោះបន្ទាន់លោក Sergiy Kruk បាននិយាយថា ភារកិច្ចចម្បងពេលនេះគឺការងារជួយសង្គ្រោះ ការដកយកចេញនូវកំទេចកំទី និងការពន្លត់អគ្គិភ័យ។

លោក Kruk បាននិយាយថា៖«គិតត្រឹមពេលនេះ យើងដឹងថាមានពលរដ្ឋស្លាប់ចំនួន ១៦នាក់ និងរបួស ៥៩នាក់ ដោយក្នុងនោះមាន ២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ លោកបានបន្ថែមថា ក្រុម​ការងារឆ្លើយ​តប​ទាំង​អស់​កំពុង​ធ្វើ​ការ​យ៉ាងយកចិត្តទុកដាក់ ហើយការងារនឹងមានជាបន្តបន្ទាប់ សូមរក្សាការប្រុងប្រយ័ត្ន។ មុននេះលោក Zelensky បាននិយាយថា៖«ជនស៊ីវិលជាងមួយពាន់នាក់» បានស្ថិតនៅក្នុងផ្សារទំនើប នៅពេលដែលមីស៊ីលបានវាយប្រហារទីក្រុង ដែលមានប្រជាជនចំនួន ២២០,០០០ នាក់ មួយនោះ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ផ្សារទំនើបនេះត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវា Kh-22 ដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក Tu-22 នៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ France24

Share This Post: