លេចធ្លាយឧស្ម័នក្លរីនដ៏ច្រើនសន្ធឹកសន្ធាប់នៅកំពង់ផែប្រទេសហ៊្សកដានី បានឆក់យកជីវិតមនុស្ស ១២នាក់ និង ១២០នាក់ ផ្សេងទៀតរងរបួស
- BY
- autoadmin
- June 28, 2022
អាជ្ញាធរនៃប្រទេសហ៊្សកដានី (Jordan) បាននិយាយថា ការលេចធ្លាយឧស្ម័នក្លរីនដ៏ច្រើនសន្ធឹកសន្ធាប់មួយ នៅកំពង់ផែភាគខាងត្បូង បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១២ នាក់ស្លាប់ ខណៈជាង ១២០ នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហ៊្សកដានី បាននិយាយថា ធុងផ្ទុកឧស្ម័នក្លរីនរាវមួយ មានទម្ងន់ ២៥តោន បានធ្លាក់ចុះមកក្រោម នៅពេលកំពុងត្រូវបានគេស្ទូចដាក់កប៉ាល់បម្រុងនាំទៅប្រទេសជីប៊ូទី នៅឯកំពង់ផែ Aqaba កាលពីថ្ងៃចន្ទ។

នាយករដ្ឋមន្ត្រីលោក Bisher al-Khasawneh បាននិយាយថា លោកនឹងប្រមូលផ្តុំក្រុមពិសេសមួយ ដែលនឹងត្រូវទទួលភារកិច្ចស៊ើបអង្កេតលើសោកនាដកម្មនេះ ខណៈកប៉ាល់ត្រូវបានបញ្ជាឱ្យចតនៅឆ្ងាយពីកំពង់ផែ Aqaba ។ ជម្រាបដែរថា កំពង់ផែនៅលើសមុទ្រក្រហមមួយនេះ គឺជាកំពង់ផែសមុទ្រតែមួយគត់នៅក្នុងប្រទេសហ៊្សកដានី ដែលបម្រើទាំងកប៉ាល់ដឹកទំនិញ និងទូកទេសចរណ៍។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលក្នុងតំបន់ក៏បានជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងរង្វង់ចម្ងាយ ២៥ គីឡូម៉ែត្រ គួរនៅក្នុងផ្ទះ ឬអគារណាមួយ ហើយបិទបង្អួច និងទ្វារឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






