អន្តរជាតិ

ប្រទេសវៀតណាម បានកត់ត្រាករណីដំបូងបំផុតនៃអនុទម្រង់ BA.5 របស់ជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
June 28, 2022

យោងតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិតលោក Phan Trong Lan ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ជំងឺ COVID-19 អនុទម្រង់ BA.5 របស់វ៉ារ្យ៉ង់អូមីក្រុង ពេលនេះបានមកដល់ប្រទេសវៀតណាមហើយ ខណៈវាអាចនឹងនាំមុខប្រភេទ BA.2 ដែលកំពុងលេចធ្លោនៅក្នុងប្រទេសនេះស្រាប់។ លោកបាននិយាយថា ការឆ្លងនេះគឺជៀសមិនរួចឡើយ ពីព្រោះអនុទម្រង់នេះត្រូវបានគេឃើញនៅក្នុងប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈសកម្មភាពធ្វើដំណើរក្នុងចំនោមប្រទេសទាំងនោះ ត្រូវបានគេអនុញ្ញាតឡើងវិញ។ លោកបន្ថែមថា ក្រសួងសុខាភិបាលនឹងបន្តតាមដានការវិវត្តនៃជំងឺនេះ។

ជម្រាបផងដែរថា ចំនួនករណីជំងឺ COVID-19 នៅប្រទេសវៀតណាមបាននិងកំពុងធ្លាក់ចុះ ជាមួយនឹងសមាមាត្រនៃការឆ្លង និងការស្លាប់ទាបបំផុត។ អ្នកជំងឺភាគច្រើនបានឆ្លងជំងឺ COVID-19 អនុទម្រង់ BA.2 របស់វ៉ារ្យ៉ង់អូមីក្រុង ជាមួយនឹងរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ករណីភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់ភាគខាងជើង ដែលមានប្រហែល ១០៧,០០ ករណី ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ គាត់បាននិយាយថា ការស្រាវជ្រាវបានបង្ហាញថា BA.4 និង BA.5 រីករាលដាលលឿនជាង BA1 និង BA.2 ។ អង្គការសុខភាពពិភពលោកក៏បានព្រមានផងដែរថា វ៉ារ្យ៉ង់ថ្មីៗកំពុងធ្វើឱ្យជំងឺរាតត្បាតមានភាពស្មុគស្មាញម្តងទៀត ដូច្នេះប្រទេសនានាត្រូវរក្សាវិធានការដូចជាការចាក់វ៉ាក់សាំង និងការត្រួតពិនិត្យបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Plus

Share This Post: