គ្រាន់តែបង្ហាញពីរបស់ក្មេងលេង ធ្វើឱ្យកុមារាអាយុ៧ឆ្នាំនេះជាប់ជា Youtuber ដែលមានចំនូលច្រើនបំផុត
Ryan ជាក្មេងអាយុ៧ឆ្នាំ ដែលចូលចិត្តលេងជាមួយប្រដាប់ប្រដាក្មេងដូចជា Legos, រថភ្លើង និងរថយន្ត។ គាត់ក៏បានរកប្រាក់បាន ២២លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងឆ្នាំកន្លងមក ហើយមានអ្នកគាំទ្រ YouTube ជាង ១៧លាននាក់។ ទស្សនាវដ្តី Forbes ទើបតែបានចេញផ្សាយនូវបញ្ជីតារា (YouTubers) ដែលមានប្រាក់ខែខ្ពស់បំផុត ហើយសិស្សថ្នាក់ទីមួយដែលមានគណនីលើ YouTube ឈ្មោះថា Ryan Toysreview គឺស្ថិតនៅកំពូលតារាង។ ចង់ដឹងថា Ryan រកលុយបានយ៉ាងច្រើននេះរបៀបណាមែនទេ? ជាការពិតណាស់ Ryan គឺរកលុយបានតាមរយៈការផ្សាយពាណិជ្ជកម្មមុនពេលចាប់ផ្តើមការ Reviews ប្រដាប់ប្រដាក្មេងលេងទាំងនេះ។
ថ្មីៗនេះកុមារា Ryan បានប្រាប់ NBC ថាគេសប្បាយរីករាយនឹងធ្វើជាអ្នក Review លើ YouTube នេះ ហើយគាត់ចង់ក្លាយជាអ្នកបង្កើតហ្គេមនៅពេលគាត់ធំឡើង។ សព្វថ្ងៃនេះគាត់ក៏មានបណ្តាញប្រដាប់ក្មេងលេង និងសំលៀកបំពាក់ «Ryan’s World» ដែលកំពុងដាក់លក់នៅលើ Walmart ផងដែរ។ ជាធម្មតាប្រដាប់ក្មេងលេងដែលគាត់លក់ ត្រូវបានលក់ចេញក្នុងប៉ុន្មាននាទីតែប៉ុណ្ណោះ។ ក៏មានគម្រោងដាក់លក់វីដេអូរបស់គាត់ និងចែកចាយតាមរយៈ Amazon និង Hulu ផងដែរ។ ចំណែក YouTubers ដទៃទៀតដែលបានជាប់បញ្ជី YouTubers ដែលរកលុយបានច្រើនជាងគេគឺសុទ្ធតែមានអាយុចន្លោះពី ២០ទៅ ៣០ឆ្នាំ ជាពិសេសគឺកុមារានេះ រកលុយបានលើសលោក Jake Paul ដែលបានជាប់ចំណាត់ថ្នាក់ទី២ ជាមួយចំណូល ២១.៥លានដុល្លារអាមេរិក៕



អត្ថបទ៖ លីដា
ប្រភព៖ cnalifestyle