អន្តរជាតិ

ប្រទេស​ស្រីលង្កាត្រូវផ្អាក​ការ​លក់​សាំង​ជា​សាធារណៈ​រហូតដល់ជិត ២ សប្ដាហ៍ លើកលែងតែការដឹកជញ្ជូនបន្ទាន់ប៉ុណ្ណោះ

BY
autoadmin
June 29, 2022

ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់រថយន្តនៅក្នុងប្រទេសស្រីលង្កា ត្រូវបានផ្អាកដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ខណៈមានតែឡានក្រុង រថភ្លើង រថយន្តសង្គ្រោះបន្ទាន់ និងការដឹកជញ្ជូនអាហារចាំបាច់ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាក់ប្រេងឥន្ធនៈបាន នៅក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ អាជ្ញាធរ​បាន​ប្រកាស​ថា ប្រទេសស្រីលង្កានៅសល់ប្រេងម៉ាស៊ូត​តែ ៩,០០០ តោន និង​សាំង ៦,០០០ តោន​ប៉ុណ្ណោះ ដើម្បីបម្រើដល់ការដឹកជញ្ជូនដែលចាំបាច់​ ហើយ​ការ​ទិញ​ប្រេងសាំង និង​ម៉ាស៊ូត​ សម្រាប់​រថយន្ត​ឯកជន​ត្រូវ​បាន​ហាមឃាត់​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា។ អាជ្ញាធរក៏បានបញ្ជាឱ្យពលរដ្ឋទាំង ២២ លាននាក់ របស់ប្រទេសនេះ ត្រូវធ្វើការពីផ្ទះ ហើយសាលារៀននៅក្នុងតំបន់ទីក្រុងបានបិទទ្វារបណ្ដោះអាសន្ន។

លោក Nathan Piper ប្រធានផ្នែកស្រាវជ្រាវប្រេង និងឧស្ម័ននៅក្រុមហ៊ុន Investec និយាយថា ស្រីលង្កាគឺជាប្រទេសដំបូងគេ ដែលចាត់វិធានការខ្លាំងបែបនេះ នៅក្នុងការផ្អាកការលក់ប្រេងឥន្ធនៈដល់សហគមន៍ «ចាប់តាំងពីវិបត្តិប្រេងឆ្នាំ១៩៧០ នៅពេលដែលប្រេងឥន្ធនៈគឺមានកម្រិត នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយការកំណត់ល្បឿនក៏ត្រូវបានណែនាំ ដើម្បីកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ»។ ជាមួយគ្នានេះ ស្រីលង្កា​ក៏កំពុង​ចរចា​គម្រោង​ថវិកា​សង្គ្រោះ ដោយសារ​ប្រទេស​នេះ​ជួប​បញ្ហា​ក្នុង​ការ​ចំណាយ​ លើ​ការ​នាំ​ចូល​ដូច​ជា​ប្រេងសាំង និង​អាហារ។ លើសពីនេះ រដ្ឋាភិបាលកំពុងស្នើសុំជំនួយសំខាន់ៗពីប្រទេសចិន និងឥណ្ឌា ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានធ្វើទស្សនកិច្ចនៅស្រីលង្កាកាលពីសប្តាហ៍មុន ដើម្បីធ្វើការពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះចំនួន ៣ ពាន់លានដុល្លារ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: