ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ីមិនសាកសមនឹងបន្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ
- BY
- autoadmin
- June 29, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើផ្សារទំនើបមួយនៅទីក្រុង Kremenchuk កាលពីថ្ងៃចន្ទ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់មួយកាលពីថ្ងៃអង្គារ លោក Zelenskyy បានហៅទង្វើនោះថា ជាអំពើភេរវកម្ម ហើយបាននិយាយថា រុស្ស៊ីគួរត្រូវបានបណ្តេញចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជម្រាបផងដែរថា កិច្ចប្រជុំត្រូវបានរៀបចំឡើងភ្លាម បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី មានសន្ទុះកាន់តែខ្លាំងក្លានៅភាគកណ្តាលប្រទេសអ៊ុយក្រែន។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងការវាយប្រហារនោះ ខណៈយ៉ាងហោចណាស់មានពលរដ្ឋ ៤០នាក់ ផ្សេងទៀតត្រូវបានបាត់ខ្លួន។ លោក Zelenskyy បាននិយាយថា៖«យើងត្រូវធ្វើសកម្មភាពភ្លាមៗ ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យរុស្ស៊ីបញ្ឈប់ការសម្លាប់កុមារ មនុស្សទូទៅ – អ្នករាល់គ្នា»។ លោកបាននិយាយថា៖«រុស្ស៊ីគ្មានសិទ្ធិបន្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ហើយវាជាការចាំបាច់ ក្នុងការដកប្រតិភូរុស្ស៊ីពីឱកាសក្នុងការក្រឡុកអង្គការសហប្រជាជាតិ»។
សហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុបមួយចំនួន និងប្រទេសផ្សេងទៀត ក៏បានថ្កោលទោសរុស្ស៊ីផងដែរ។ ជាក់ស្ដែង ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អាល់បានី លោក Ferit Hoxha បាននិយាយថា «ការវាយប្រហារដោយមិនរើសអើងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម»។ លោកបាននិយាយថា អ្នកដែលសម្រេចចិត្តវាយប្រហារលើមូលដ្ឋានជនស៊ីវិល «ត្រូវតែទទួលខុសត្រូវលើសកម្មភាពរបស់ពួកគេ»។ យ៉ាងណាក៏ដោយ តំណាងរុស្ស៊ីលោក Dmitry Polyansky បានអះអាងថា ការវាយប្រហារមិនមែនលើមជ្ឈមណ្ឌលលក់ទំនិញនោះទេ គឺស្ថិតនៅលើឃ្លាំងអាវុធរបស់អ៊ុយក្រែន៕
អត្ថបទ៖ The President of Ukraine
- Share This Post:






