Luka Modric បញ្ចប់ការគ្រប់គ្រង Ballon d’Or ១ទសវត្សរបស់ Lionel Messi និង Cristiano Ronaldo
កីឡាករ Luka Modric របស់ Real Madrid ត្រូវបានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ២០១៨នេះជាស្ថាពរ នៅក្នុងពិធីប្រគល់ពានរង្វាន់នៅក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃច័ន្ទ។ ខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid រូបនេះគឺជាអ្នកឈ្នះពាន Ballon d’Or ជនជាតិក្រូអាតជាលើកដំបូងបំផុត ដោយគាត់ក៏បានជួយដល់ក្លឹបរបស់គាត់ឱ្យឈ្នះពានរង្វាន់ Champions League បីឆ្នាំជាប់ៗគ្នា និងបានដឹកនាំក្រូអាតឱ្យឡើងដល់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសរុស្ស៊ីទៀតផង។
ខ្សែបម្រើលោក Luka Modric មានអាយុ៣៣ឆ្នាំ រូបនេះក៏បានឈ្នះពានរង្វាន់ល្អបំផុតរបស់ FIFA ដែរកាលពីខែកញ្ញា ហើយពេលនេះគឺលោកបានបញ្ចប់ការត្រួតត្រារបស់ Lionel Messi និង Cristiano Ronaldo ដែលបានគ្រប់គ្រងមកលើពានរង្វាន់ Ballons d’Or នេះរយៈពេល១០ឆ្នាំមកហើយ ដោយឈ្នះបានម្នាក់៥ពាន ចាប់តាំងពីឆ្នាំ២០០៨មក។ ពួកគេទាំងពីរកំពុងតែប្រកួតប្រជែងយក Ballons d’Or ទី៦តែពេលនេះអ្នកឈ្នះគឺលោក Luka Modric ៕ យ៉ាងណាមិញខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រូវបានគេរំពឹងថានឹងបង្ហាញពានរង្វាន់នេះដល់ Santiago Bernabeu នៅសប្តាហ៍ក្រោយ ឬក៏នៅមុនការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម CSKA Moscow នៅថ្ងៃពុធ ឬនៅក្នុងការប្រកួត La Liga នៅ Rayo Vallecano នៅថ្ងៃសៅរ៍ខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ standard