អន្តរជាតិ

លោក Ferdinand Marcos Jr នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនបន្ដពីលោក Rodrigo Duterte នៅថ្ងៃនេះ

BY
autoadmin
June 30, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក Ferdinand Marcos Jr នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន បន្តវេនពីមេដឹកនាំអស់អាណត្តិ គឺលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ លោក Marcos Jr ដែលមានឈ្មោះហៅក្រៅថា Bong Bong បានឈ្នះបានសំឡេង ៦០% នៅក្នុងការបោះឆ្នោត យកឈ្នះគូប្រជែងរបស់គាត់គឺលោកស្រី Leni Robredo។ ជ័យជម្នះរបស់គាត់ គឺជាការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់គ្រួសារត្រកូល Marcos ដែលធ្លាប់ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការបះបោរដ៏ពេញដ៏ធំនៅឆ្នាំ១៩៨៦។ ជាមួយគ្នានេះ កូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte គឺលោកស្រី Sara Duterte ក៏នឹងត្រូវស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីផងដែរ។

លោក Marcos Jr នឹងស្បថចូលកាន់តំណែងនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ (ម៉ោង ៤ និង ០០ នាទី GMT) នៅសារមន្ទីរជាតិក្នុងទីក្រុងម៉ានីល។ ឥស្សរជនក្នុងស្រុក និងបរទេសរាប់រយនាក់នឹងចូលរួម ហើយបុគ្គលិកសន្តិសុខប្រហែល ១៥,០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងរដ្ឋធានីហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍នេះ។ វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលក្នុងទីក្រុងម៉ានីល បានសម្រេចថា ការជាប់ទោសចំពោះការគេចពន្ធមិនបានធ្វើឱ្យប្រធានាធិបតីថ្មីរូបនេះ អស់សិទ្ធិក្នុងការចូលកាន់តំណែងនោះទេ។ គួរឱ្យដឹងដែរថា ការ​ឈ្នះ​ឆ្នោត​របស់​លោក Marcos Jr គឺ​ជា​ទីបញ្ចប់នៃការ​តស៊ូ​ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​របស់ត្រកូល Marcos ដើម្បី​ដណ្តើម​យក​សិរីរុងរឿង​នយោបាយ​របស់​ពួកគេ​មក​វិញ។ រំលឹកដែរថា ឪពុករបស់គាត់ គឺលោក Ferdinand បានដឹកនាំប្រទេសពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦ ហើយគាត់បានដាក់ចេញច្បាប់អាជ្ញាសឹក និងជាអធិបតី នៅអំឡុងពេលមានការរីករាលដាលលើការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងភាពក្រីក្រនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: