អន្តរជាតិ

កូរ៉េខាងត្បូងបានអនុម័តថ្នាំអង់ទីគ័រ Evusheld របស់ AstraZeneca សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានភាពស៊ាំខ្សោយ

BY
autoadmin
July 1, 2022

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា បានអនុញ្ញាតការព្យាបាលដោយប្រើប្រាស់ថ្នាំអង់ទីគ័ររបស់ក្រុមហ៊ុន AstraZeneca PLC សម្រាប់ទប់ស្កាត់ជំងឺ COVID-19 ចំពោះមនុស្សដែលមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំខ្សោយ និងជាការបន្ថែមជម្រើសថ្មីមួយទៀត ដើម្បីសម្រាលបន្ទុកដល់ប្រព័ន្ធសុខាភិបាល។ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំ Evushel ចំនួន ២០,០០០ ដូស សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលមិនទាន់បានធ្លាប់បានឆ្លងជំងឺនេះ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ជិត ៨៧% នៃប្រជាជនកូរ៉េខាងត្បូងចំនួន ៥២ លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ ខណៈដែល ៦៥% បានចាក់ដូសជំរុញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ឬអ្នកដែលមានប្រវត្តិប្រតិកម្មមិនល្អចំពោះវ៉ាក់សាំង អាចត្រូវការជម្រើសថ្មីនេះដើម្បីការពារពួកគេ។ ក្រសួងបាននិយាយថា Evusheld អាចត្រូវបានប្រើសម្រាប់អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ និងការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះការចាក់វ៉ាក់សាំង COVID-19 ឬសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន។

ជម្រាបផងដែរថា នៅក្នុងការសិក្សាឯករាជ្យមួយបានបង្ហាញថា ថ្នាំ Evusheld របស់ក្រុមហ៊ុន AstraZeneca អាចបន្សាបមេរោគ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ហើយវាកាត់បន្ថយហានិភ័យនៃរោគសញ្ញាជំងឺ COVID-19 បានរហូតដល់ ៧៧% នៅក្នុងការសាកល្បង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: