អន្តរជាតិ

កូរ៉េខាងជើងបានអះអាងថា បាឡុងដែលបង្ហោះចេញពីកូរ៉េខាងត្បូងគឺជាមូលហេតុ ដែលធ្វើឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន

BY
autoadmin
July 1, 2022

ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺបានចាប់ផ្តើមឡើង បន្ទាប់ពីពលរដ្ឋរបស់ខ្លួន បានប៉ះពាល់បាឡុងដែលហោះចេញពីកូរ៉េខាងត្បូង។ ទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន អំពីរបៀបដែលជំងឺ COVID-19 អាចចូលក្នុងប្រទេសនេះបាន ដោយបញ្ជាក់ថា មានទាហានវ័យ ១៨ ឆ្នាំម្នាក់ បានប៉ះពាល់អ្វីដែលខ្លួនហៅថា «វត្ថុចម្លែក» នៅមូលដ្ឋានយោធាក្នុងខេត្ត Gangwon ជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ បន្ថែមពីនោះ ក៏មានសិស្ស​សាលា​មត្តេយ្យ​អាយុ ៥ ឆ្នាំ​ម្នាក់​ បាន​ប៉ះ​របស់​ស្រដៀង​គ្នា​​ នៅ​លើ​ភ្នំ​មួយក្នុង​ខេត្តដដែលនោះ។

ឧប្បត្តិហេតុទាំង ២ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅដើមខែមេសា ហើយអ្នកទាំង ២ ​ត្រូវ​បាន​គេ​និយាយ​ថា ​មាន​រោគ​សញ្ញា ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ជាក់​ថា បានឆ្លងជំងឺ COVID-19 ។ ការផ្ទុះឡើងនៅទូទាំងប្រទេសក៏បានចាប់ផ្តើម បន្ទាប់ពីមនុស្សមកពីតំបន់នោះបានធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងកាលពីពាក់កណ្តាលខែមេសា។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងជើង​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី «វត្ថុ​ចម្លែក​» នោះ​ទេ ប៉ុន្តែ​បាននិយាយ​ថា ​ពួកវា​ជាប់​នឹង​បាឡុង។ ជម្រាបដែរថា បាឡុងទាំងនោះមានភ្ជាប់លិខិត ដែលរិះគន់ដល់ដឹកនាំរបស់កូរ៉េខាងជើង បង្ហោះដោយក្រុមអ្នកភៀសខ្លួនចេញពីកូរ៉េខាងជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: