អន្តរជាតិ

រដ្ឋមន្ត្រីម៉ាឡេស៊ី ​អំពាវនាវ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ឱ្យជៀសវាងអាហារ ឬភេសជ្ជៈមានផ្ទុកសារធាតុកញ្ឆា ព្រោះវានៅខុសច្បាប់របស់ម៉ាឡេសុីនៅឡើយ

BY
autoadmin
July 1, 2022

សារព័ត៌មាន The World of Buzz បានរាយការណ៍ថា លោក Dato Sree Hamzah bin Sinudin រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ាឡេស៊ី បានថ្លែង​អំពាវនាវ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​អោយធ្វើការជៀសវាង អាហារ ឬភេសជ្ជៈ ដែលមានផ្ទុកសារធាតុកញ្ឆា បើទោះជាប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនប្រភេទទី៥ កាលពីដើមខែមិថុនាក៏ដោយ ប៉ុន្តែ​កញ្ឆា​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ខុស​ច្បាប់នៅប្រទេសម៉ាឡេស៊ីនៅឡើយទេ។

អ្នកយកព័ត៌មានពី Kuang Wah បានសួរថា តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលទានអាហារដែលផ្សំពីកញ្ឆាដោយចៃដន្យ ពេលកំពុងវិស្សមកាលនៅប្រទេសថៃ? លោក Dato Sree Hamzah បាននិយាយថា នឹងមិនមានការធ្វើតេស្តគ្រឿងញៀនលើជនស៊ីវិលម៉ាឡេស៊ីទាំងអស់ដែលត្រឡប់មកពីប្រទេសថៃទេ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់បរិភោគ ឬផឹកសារធាតុដែលមានផ្ទុកកញ្ឆា ហើយត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសច្បាប់ បុគ្គលនោះនឹងត្រូវធ្វើតេស្តទឹកនោមរកសារធាតុ បន្ទាប់​មក​ពួកគេ​នឹង​ត្រូវ​ស៊ើបអង្កេត​ហើយក៏ត្រូវ​ពន្យល់​ប្រាប់​អាជ្ញាធរ​ថា​ហេតុអ្វី​បានជា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ អាជ្ញាធរ​ម៉ាឡេស៊ី​គ្មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ​ទេ ប៉ុន្តែ​ប្រជាជន​ម៉ាឡេស៊ី​ក៏​ត្រូវ​គោរព​ច្បាប់​របស់​ប្រទេស​ខ្លួន​ផង​ដែរ។ ជាមួយគ្នានេះ លោក Dato Seri Hamzah បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រុង​ប្រយ័ត្ន​គួរ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស ហើយវាជាការល្អបំផុតដើម្បីជៀសវាងការទទួលទានកញ្ឆា៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: