ប្រទេសអ៉ីតាលីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន សម្រាប់គ្រោះរាំងស្ងួតនៅភាគខាងជើង
- BY
- autoadmin
- July 5, 2022
ប្រទេសអ៉ីតាលីបានប្រកាសភាពអាសន្នកាលពីថ្ងៃចន្ទ សម្រាប់តំបន់ទន្លេ Po នៅភាគខាងជើងប្រទេស ដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ ខណៈទន្លេនេះជាអ្នកផ្គត់ផ្គង់ ១ ភាគ ៣ នៃផលិតកម្មកសិកម្មរបស់ប្រទេសទាំងមូល។ ស្ថានភាពនៃភាពអាសន្នដែលនឹងនៅជាធរមានរហូតដល់យ៉ាងហោចណាស់ចុងឆ្នាំ នឹងផ្តល់ថវិកា និងអំណាចបន្ថែមដល់រដ្ឋាភិបាល ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពក្តៅ និងរាំងស្ងួត។ ក្រិត្យរបស់រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យអាជ្ញាធរប្រើផ្លូវកាត់ និងចាត់វិធានការជាបន្ទាន់ ប្រសិនបើចាំបាច់ ដូចជាការគ្រប់គ្រងទឹកសម្រាប់ផ្ទះ និងអាជីវកម្មជាដើម។

ទន្លេ Po គឺជាទន្លេវែងជាងគេរបស់ប្រទេសអ៉ីតាលី ប៉ុន្តែផ្នែកជាច្រើនបានរីងស្ងួត ហើយកសិករនិយាយថា លំហូរទឹកសាបបានចុះខ្សោយ ដែលធ្វើឱ្យទឹកសមុទ្រអាចហូរចូលដីចម្ការ និងបំផ្លាញដំណាំ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការគ្រាអាសន្ននឹងគ្របដណ្តប់លើដីដែលមានព្រំប្រទល់ជាប់ទន្លេ Po និងអាងទឹកនៃភ្នំអាល់ (Alps) ភាគខាងកើត។ វាក៏បានណែនាំពីភាពអាសន្ននៅក្នុងតំបន់ភាគខាងជើងចំនួន ៥ ផងដែរ ដូចជា Emilia-Romagna, Friuli Venezia Giulia, Lombardy, Piedmont និង Veneto ដោយផ្តល់មូលនិធិដំបូងចំនួន ៣៨ លានដុល្លារ ដើម្បីជួយពួកគេ ដោះស្រាយបញ្ហាកង្វះទឹក៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






