អន្តរជាតិ

រដ្ឋាភិបាលអ៊ុយក្រែនបង្ហាញផែនការស្តារ​ប្រទេសឡើងវិញជា ៣ ដំណាក់កាល នៅក្នុងសន្និសីទអន្តរជាតិមួយក្នុងប្រទេសស្វីស

BY
autoadmin
July 5, 2022

រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិមួយក្នុង​ទីក្រុង Lugano ប្រទេសស្វីស «ស្តីពី​ការ​ស្តារ​អ៊ុយក្រែន​» បានបង្ហាញផែនការចំនួន ៣ដំណាក់ កាលសម្រាប់ការស្តារប្រទេស ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។ នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal ​បាន​ប្រាប់​សន្និសីទ​នៅថ្ងៃចន្ទនេះថា ​ផែនការ​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​រួច​ហើយ​ថា​ នឹង​ចំណាយ​អស់​ ៧៥០ ពាន់​លាន​ដុល្លារ។ សន្និសីទអន្តរជាតិមួយនេះ បានប្រមូលផ្តុំមន្ត្រីនានាមកពីប្រទេសចំនួន ៤០ និងរួមបញ្ចូលសហភាពអឺរ៉ុប ធនាគារពិភពលោក និងអង្គភាពអន្តរជាតិ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានចូលរួមកិច្ចប្រជុំតាមអ៉ីនធឺណិតផងដែរ ហើយលោកបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនមិនមែនជាគម្រោងសម្រាប់ប្រជាជាតិតែមួយទេ ប៉ុន្តែជាកិច្ចការរួមសម្រាប់ពិភពលោកប្រជាធិបតេយ្យទាំងមូល។ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា ផែនការនេះមាន ៣ ដំណាក់កាល ដោយទី១ គឺការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការផ្គត់ផ្គង់ទឹក និងស្ពានជាដើម ហើយបន្ទាប់​មក​គឺ​គម្រោង​រួម​មាន៖ ​មន្ទីរពេទ្យ និង​សាលារៀន។

លោក​បាន​និយាយ​ថា បន្ទាប់​មក​ទៀតអ៊ុយក្រែន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ទៅ​ជា​ប្រទេស​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បរិស្ថាន។ លោកបានស្នើថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅភាគខាងលិច និងប្រទេសដទៃទៀត ដែលជាផ្នែកនៃទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងអ៊ុយក្រែនឡើងវិញ។ តំណាងមកពីប្រទេសដែលចូលរួម ត្រូវបានគេរំពឹងថា នឹងប្រកាសផែនការគាំទ្ររបស់ពួកគេ នៅពេលដែលសន្និសីទបញ្ចប់នៅថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: