អន្តរជាតិ

គ្រោះទឹកជំនន់នៅអូស្ត្រាលី បង្ខំឱ្យមនុស្សប្រហែល ៥០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ

BY
autoadmin
July 5, 2022

មនុស្សប្រហែល ៥០,០០០ នាក់ ត្រូវបានជំរុញឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលទឹកជំនន់បានវាយប្រហារទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីជាលើកទី៣ ក្នុងឆ្នាំនេះ។ ផ្នែកខ្លះនៃទីក្រុងស៊ីដនី បានប្រឈមនឹងទឹកភ្លៀងកម្រិតប្រហែល ៨ខែ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ។ ផ្លូវ​ត្រូវ​បាន​កាត់​ផ្តាច់ ផ្ទះ​ខ្លះ​ស្ថិត​នៅ​ក្រោម​ទឹក ហើយ​រាប់​ពាន់​ខ្នងទៀត ​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​អគ្គិសនីប្រើប្រាស់។ ទឹកជំនន់រីករាលដាលនៅទូទាំងប្រទេសអូស្ត្រាលី បានសម្លាប់មនុស្សជាង ២០ នាក់ នៅឆ្នាំនេះតែមួយ ហើយភាគច្រើនគឺនៅរដ្ឋ New South Wales (NSW)។ ការបញ្ជាឱ្យមានការជម្លៀសច្រើនជាង ១០០ ត្រូវបានដាក់ចេញនៅទូទាំងទីក្រុងស៊ីដនី សម្រាប់ភាពអាសន្ននាពេលបច្ចុប្បន្ននេះ។

ប្រជាជននៅក្នុងតំបន់ចំនួន ៥០ ផ្សេងទៀត ត្រូវបានព្រមានឱ្យរៀបចំចាកចេញ ខណៈដែលទន្លេសំខាន់ៗជាច្រើនបានជន់លិច ហើយអាកាសធាតុធ្ងន់ធ្ងរក៏កំពុងវាយលុកតំបន់ Hunter និង Illawarra នៅក្បែរនោះផងដែរ។ ការិយាល័យឧតុនិយមបាននិយាយថា តំបន់មួយចំនួននៃរដ្ឋ NSW បានឃើញភ្លៀងកម្រិត ៨០០ មីល្លីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ ដែលស្ទើរតែ ១ ភាគ ៣ ច្រើនជាងទឹកភ្លៀងជាមធ្យមនៅទីក្រុងឡុងដ៍ ទទួលបានក្នុងមួយឆ្នាំៗ។ ភ្លៀងធ្លាក់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមថយចុះនៅទីក្រុងស៊ីដនីនៅថ្ងៃអង្គារនេះ ប៉ុន្តែខ្យល់បក់ខ្លាំងក៏ត្រូវបានព្យាករណ៍ផងដែរ ដែលនាំមកនូវហានិភ័យនៃការដួលរលំដើមឈើ និងបណ្តាញអគ្គិសនី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: