អន្តរជាតិ

សយហួស! បុរសប្រេស៊ីលម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៦៦ ម៉ឺនដុល្លារ នៅប្រទេសឥណ្ឌូនេស៊ី ដោយសារបានទិញកញ្ឆាដាក់តាមខ្លួនពីប្រទេសថៃ

BY
autoadmin
July 5, 2022

បុរសជនជាតិប្រេស៊ីលម្នាក់ត្រូវបានចាប់ខ្លួន នៅពេលគាត់មកដល់អាកាសយានដ្ឋានកោះបាលីកាលពីសប្តាហ៍មុន ដោយសារគាត់បានដាក់កញ្ឆាតាមខ្លួនចំនួន ៩.១ ក្រាម ដែលផ្ទុយនឹងច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី។ គាត់​បាន​សារភាព​ថា គាត់​បាន​ទិញ​កញ្ឆានៅ​ប្រទេស​ថៃ ដែល​នៅទីនោះមានច្បាប់លើកលែងចំពោះកញ្ឆានាពេលថ្មីៗនេះ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា ឥណ្ឌូណេស៊ី​នៅ​តែ​អនុវត្ត​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​ការ​កាន់កាប់​វានោះទេ។ បុរសម្នាក់នោះត្រូវបានគេដឹងថា ជានិស្សិតដែលមានអាយុ ២៥ឆ្នាំ ដោយបានកាន់អត្តសញ្ញាណមានឈ្មោះជាអក្សរកាត់ថា ASG និងត្រូវបានចាប់ខ្លួននៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai កាលពីថ្ងៃអង្គារសប្តាហ៍មុន។

លោក ASG បានហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរ AirAsia ពីទីក្រុង Kuala Lumpur នៅម៉ោងប្រហែល ៨ យប់ ហើយគាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរព្រលានយន្តហោះមានការសង្ស័យ នៅពេលដែលវ៉ាលីរបស់គាត់ឆ្លងកាត់ម៉ាស៊ីន X-ray ។ ចំណែកកញ្ចប់កញ្ឆានោះ គឺច្រកក្រោមស្លាក «SUPERMAO» ដែលមានន័យថា Super high នៅក្នុងភាសាថៃ។ លោក ASG ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​នាំ​ចូល និង​កាន់​កាប់​គ្រឿង​ញៀន​ខុស​ច្បាប់​កម្រិតទី១ ដែល​រួម​មាន​កញ្ឆា ក្រោម​ច្បាប់​គ្រឿងញៀន​របស់​ឥណ្ឌូនេស៊ី។ គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងបង់ប្រាក់ពិន័យរហូតដល់ ៦៦៧,០២២ ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts

Share This Post: