អន្តរជាតិ

ប៉ូលីសថៃ ចេញសារដាស់តឿន អ្នកនិយមធ្វើដំណើរកុំផុស Check-in ឬ ផុសបង្ហាញលិខិតឆ្លងដែន ព្រោះអាចនាំឱ្យមានការលួចទិន្នន័យផ្ទាល់ខ្លួន

BY
autoadmin
July 6, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឱ្យដឹងថា ប៉ូលីសថៃបានចេញសារដាស់តឿនដល់អ្នកដែលចូលចិត្តធ្វើដំណើរតាមយន្តហោះ បន្ទាប់មកបង្ហោះរូបភាពសំបុត្រយន្តហោះ និងលិខិតឆ្លងដែន ដោយសារការធ្វើបែបនេះ នឹងបង្កឱ្យមានហានិភ័យនៃចោរតាមអ៉ឺនធឺណិតទាញយកព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុពី QR Code ឬ Barcode នៅលើសំបុត្រ។

កាលពីថ្ងៃទី៥ ខែកក្កដា លោកវរសេនីយ៍ឯក Siriwat Deepor អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលជាតិថៃ បាននិយាយថា យោងតាមលោកឧត្តមសេនីយ៍ទោ Suwat Chaengyodsuk ស្នងការនគរបាលមានគោលនយោបាយដើម្បីអោយប៉ូលីសភូមិន្ទថៃ ជូន​ដំណឹង និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​បទល្មើស​បច្ចេកវិទ្យា ហើយ​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​បន្តបន្ទាប់​។

ការដាក់ចេញគោលនយោបាយនេះ គឺដោយសារតែបច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល ជាលទ្ធផល ចំនួននៃការឆ្លង និងការស្លាប់មានការថយចុះ ចំណែកបងប្អូនជនរួមជាតិអាចរស់នៅប្រចាំថ្ងៃ និងធ្វើដំណើរទៅកន្លែងផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានេះ គេ​បាន​រក​ឃើញ​បង​ប្អូន​មួយ​ចំនួន​បាន​បង្ហោះ​រូបភាព​ឯកសារ​សំខាន់ៗ​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ដូច​ជា​សំបុត្រ​យន្តហោះ សំបុត្រធ្វើដំណើរ (Boarding pass) និងលិខិតឆ្លងដែន ដែលឯកសារទាំងនោះនាពេលបច្ចុប្បន្ន ជារឿយៗមានព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗដូចជា ឈ្មោះ-នាមត្រកូល អាយុ ថ្ងៃខែឆ្នាំកំណើត លេខសម្គាល់ លេខលិខិតឆ្លងដែន ជើងហោះហើរ កាលបរិច្ឆេទ និងពេលវេលាធ្វើដំណើរ កៅអីអ្នកដំណើរ។ល។ និងទិន្នន័យមួយចំនួនក៏ត្រូវបានរក្សាទុកជាទម្រង់ QR Code ឬ Barcode ផងដែរ។

ការបង្ហោះរូបភាពនៃឯកសារធ្វើដំណើរ អាចអនុញ្ញាតឱ្យអ្នកបោកប្រាស់លួចយកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានការធ្វើដំណើររបស់អ្នក ដើម្បីប្រើប្រាស់ក្នុងអំពើខុសច្បាប់និង ប្រើសម្រាប់ការកេងប្រវ័ញ្ច ឬកែសម្រួលព័ត៌មានការធ្វើដំណើរ ឬព័ត៌មានសមាជិកជាមួយក្រុមហ៊ុនអាកាសចរណ៍។ ការធ្វើដូច្នេះ វាអាចធ្វើឱ្យខូចបុគ្គលដែលជាម្ចាស់ឯកសារ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សូមប្រយ័ត្នពេលបង្ហោះរូបភាពឯកសារទាក់ទងនឹងការធ្វើដំណើរនៅលើបណ្តាញសង្គម។ អ្នកដំណើរទាំងអស់គួរតែលាក់បាំងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ QR Code និង Barcode ដែលបង្ហាញនៅលើឯកសារ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសនានា ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋត្រូវខូចខាត ឬមើលការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន សូមផ្តល់តម្រុយតាមលេខទូរស័ព្ទអោយបានភ្លាមៗ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: