អន្តរជាតិ

សម្ព័ន្ធមិត្តណាតូបានចុះហត្ថលេខាលើពិធីសារចូលជាធរមានមួយ សម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់

BY
autoadmin
July 6, 2022

ប្រទេសសមាជិកចំនួន ៣០ របស់អង្គការណាតូ បានចុះហត្ថលេខារួមគ្នាលើពិធីសារចូលជាសមាជិក សម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ប្រទេស​ទាំង​ ២ នឹង​អាច​ចូល​រួម​ជា​សម្ព័ន្ធភាព​បាន ​នៅ​ពេល​សភា​នៃ​ប្រទេស​ជា​សមាជិកទាំងអស់ ​​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នេះ។ អង្គការណាតូបានប្រារព្ធពិធីចុះហត្ថលេខាមួយនេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកកាលពីថ្ងៃអង្គារ ដោយមានរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអឺរ៉ុបខាងជើងទាំង ២ ចូលរួមដោយផ្ទាល់។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានស្វាគមន៍ការដេញថ្លៃសមាជិកភាពរបស់ពួកគេ ដោយហៅវាថា ជា «ពេលវេលាប្រវត្តិសាស្ត្រ» សម្រាប់ហ្វាំងឡង់ ស៊ុយអែត និងសម្ព័ន្ធមិត្ត។

កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ក៏បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងមួយ ដើម្បីដំណើរការនីតិវិធីផ្លូវការ សម្រាប់ប្រទេសទាំង ២ ចូលរួមជាមួយណាតូ។ ជម្រាបដែរថា ទួរគីដែលជាសមាជិកម្នាក់របស់ណាតូ ពីមុនបានប្រឆាំងនឹងសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត ប៉ុន្តែខ្លួនក៏បានដកការជំទាស់វិញនៅមុនកិច្ចប្រជុំកំពូលនោះ បន្ទាប់ពីភាគីទាំង ៣ បានធ្វើកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងជនសង្ស័យភេរវកម្មជាមួយគ្នា។

គួរឱ្យដឹងដែរថា ប្រទេសទួរគីទទូចថា ពួកសកម្មប្រយុទ្ធឃឺដគឺជាភេរវករ ខណៈដែលប្រទេសស៊ុយអែត និងហ្វាំងឡង់ ធ្លាប់ផ្តល់ជម្រកដល់ពួកគេ ដូច្នេះភាគីទាំង ៣ បានចុះកិច្ចព្រមព្រៀងថ្មីនេះជាមួយគ្នា ដើម្បីផ្ដល់ទំនុកចិត្តដល់គ្នា។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានព្រមានថា ប្រសិនបើប្រទេសទាំង ២ មិនបំពេញកិច្ចព្រមព្រៀងនោះ សភារបស់ប្រទេសលោកអាចនឹងរារាំងប្រទេសទាំង ២ ពីសមាជិកភាពរបស់អង្គការណាតូ។ ពោលគឺការចូលជាសមាជិកណាតូ ត្រូវតែត្រូវបានអនុម័តដោយសមាជិកទាំង ៣០ សម្រាប់ប្រទេសថ្មីដើម្បីទទួលយកចូលទៅក្នុងសម្ព័ន្ធ៕

អត្ថបទ៖ លីដា
ប្រភព៖ ណាតូ

Share This Post: