អង្គការសុខភាពពិភពលោកបានព្រមានថា ករណីជំងឺកូវីដ១៩ បានកើនឡើងជិត ៣០% នៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ
- BY
- autoadmin
- July 7, 2022
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការឆ្លងជំងឺ COVID-19 កំពុមានសន្ទុះកើនឡើង ហើយកំពុងអំពាវនាវឱ្យមានវិធានការទប់ស្កាត់ករណីជាបន្ទាន់។ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អគ្គនាយក WHO គឺលោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកក្នុងមួយសប្តាហ៍ បានកើនឡើងជិត ៣០% ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។ លោកបានចង្អុលបង្ហាញថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង គឺ BA.4 និង BA.5 បានក្លាយជាប្រភេទលេចធ្លោខ្លាំងនៅអឺរ៉ុប និងអាមេរិក។

លោកបាននិយាយថា ការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានកាត់បន្ថយនៅក្នុងប្រទេសជាច្រើន ដែលបិទបាំងរូបភាពពិតនៃការឆ្លង។ លោក Tedros បាននិយាយថា ការការពាររបស់វ៉ាក់សាំងនឹងថយចុះ នៅពេលដែលមេរោគវិវឌ្ឍន៍ ទោះបីជាវានៅតែមានប្រសិទ្ធភាពក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ក៏ដោយ។ ប្រធាន WHO រូបនេះ ក៏បានអំពាវនាវឱ្យមានសកម្មភាពនៅកម្រិតពិភពលោក ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមមុខ។ លោកក៏បានអំពាវនាវឱ្យមានការចាក់វ៉ាក់សាំងបន្ថែម សម្រាប់អ្នកដែលមានហានិភ័យ រួមទាំងមនុស្សចាស់ និងបុគ្គលិកពេទ្យ ហើយបានជំរុញឱ្យមនុស្សពាក់ម៉ាស់ ប្រសិនបើពួកគេនៅកន្លែងដែលមានមនុស្សច្រើន ឬបន្ទប់ដែលមានខ្យល់ចេញចូលមិនល្អ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






