លោក អាបេ ទទួលមរណភាពដោយសារហូរឈាមច្រើនពេក បន្ទាប់ពីគ្រាប់កាំភ្លើងបានបំផ្លាញសរសៃឈាមក្រោមឆ្អឹងដងកាំបិតរបស់គាត់
- BY
- autoadmin
- July 9, 2022
បើតាមការធ្វើកោសល្យវិច័យរហូតដល់ព្រឹកថ្ងៃសៅរ៍បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Abe Shinzo) បានស្លាប់ដោយសារបាត់បង់ឈាមច្រើនពេក បន្ទាប់ពីគ្រាប់កាំភ្លើងបានបំផ្លាញសរសៃឈាមក្រោមឆ្អឹងដងកាំបិតរបស់គាត់។ ប្រភពពីប៉ូលីសបាននិយាយថា គ្រាប់កាំភ្លើងបានឆ្លងកាត់ដៃឆ្វេងខាងលើរបស់លោក អាបេ ហើយបានបំផ្លាញសរសៃឈាមនៅក្រោមឆ្អឹងដងកាំបិតរបស់គាត់។ លោក អាបេ ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃសុក្រ ខណៈលោកកំពុងថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុង Nara ភាគខាងលិច ហើយជនល្មើសឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។

ជនល្មើសអត់ការងារធ្វើម្នាក់នោះ គឺជាអ្នកស្រុកនៅទីក្រុង Nara ផ្ទាល់តែម្ដង ហើយខ្លួនមានការខឹងសម្បារចំពោះអង្គការមួយ ដែលខ្លួនជឿថាលោក អាបេ មានទំនាក់ទំនងជាមួយអង្គការនោះ។ ជនល្មើសបាននិយាយថា ការខឹងសម្បាររបស់គាត់មិនជាប់ទាក់ទងនឹងជំនឿនយោបាយរបស់លោក អាបេ អ្វីនោះទេ។ ប៉ូលិសបាននិយាយថា កាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារនោះគឺជាកាំភ្លើងច្នៃ ហើយមានប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ។ ពួកគេនិយាយថា ពួកគេក៏បានរឹបអូសកាំភ្លើងជាច្រើនដើមទៀត ដែលមានលក្ខណៈស្រដៀងគ្នានៅឯផ្ទះជនល្មើស ហើយការវាយប្រហារនេះទំនងជាមានការគ្រោងទុកជាមុនយ៉ាងល្អ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






