លោក ចូ បៃដិន មានការខឹងសម្បារផង និងសោកស្ដាយផង ចំពោះការបាត់បង់លោក អាបេ ស៊ីនហ្សូ
- BY
- autoadmin
- July 9, 2022
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ីដា ក្នុងអំឡុងពេលហៅទូរសព្ទ នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ពីការខឹងសម្បាររបស់លោក ចំពោះការធ្វើឃាតលើអតីតមេដឹកនាំលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅពេលគាត់កំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រធានាធិបតី បៃដិន បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី គីស៉ីដា របស់ប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីសម្តែងការខឹងសម្បារ ទុក្ខសោក និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ប្រហារ និងហឹង្សាដ៏សង្វេគ លើអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ»។

ឃាតកម្មលើអ្នកនយោបាយដ៏ល្បីរបស់ជប៉ុន បានធ្វើឱ្យប្រទេសនេះ ញ័ររន្ធត់ និងបង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក ជាពិសេសដោយសារប្រទេសមានឧក្រិដ្ឋកម្មហឹង្សាតិចតួច ហើយច្បាប់កាំភ្លើងក៏មានភាពតឹងរឹង។ ជនសង្ស័យដែលត្រូវបានគេចោទប្រកាន់ពីបទបាញ់ប្រហារលើលោក អាបេ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដោយប៉ូលិសបាននិយាយថា គេបានសារភាពថា បានធ្វើឃាតអតីតនាយករដ្ឋមន្ត្រីរូបនេះ ដោយសារគាត់គិតថាលោក អាបេ មានទំនាក់ទំនងជាមួយក្រុមមួយដែលលោកមិនពេញចិត្ត។ យ៉ាងណាក៏ដោយ ឥឡូវនេះប៉ូលីសនៅតែបន្ដស៊ើបអង្កេតទៅលើករណីនេះបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






