អន្តរជាតិ

ក្រុមហ៊ុន TikTok កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ ក្រោយមានក្មេងៗបានបាត់បង់ជីវិត ដោយសារតែការប្រកួត Challenge បែបនេះ

BY
autoadmin
July 10, 2022

ក្រុមហ៊ុន TikTok កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ជាបន្តបន្ទាប់ពីឪពុកម្តាយ ដែលនិយាយថា កូនរបស់ពួកគេបានបាត់បង់ជីវិត ដោយសារព្យាយាមបញ្ចប់ការប្រកួតដែលមានឈ្មោះថា “Blackout Challenge”។ ការប្រកួតប្រជែងនេះ គឺការប្រកួតទប់ដង្ហើមរហូតទាល់តែសន្លប់។ បណ្តឹងមួយត្រូវបានប្តឹងក្រុមហ៊ុនកាលពីខែមិថុនា បើតាមប្រភពព័ត៌មានបាន​អះអាង​ថា ​យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន៧​នាក់​បាន​បាត់បង់ជីវិត​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​កំពុង​ធ្វើការប្រកួត ឬលេង Challenge នេះ ។

ពាក្យបណ្តឹងចុងក្រោយបង្អស់ត្រូវបានប្តឹងដោយឪពុកម្តាយរបស់ Lalani Walton អាយុ ៨ឆ្នាំ និង Arriani Arroyo អាយុ ៩ឆ្នាំ ទោះបីជាយ៉ាងណាក៏ដោយ មានការអះអាងថា មានកុមារជាច្រើននាក់បានបាត់បង់ជីវិត ក្រោយព្យាយាមធ្វើ challenge នេះ ហើយក៏ជាភស្តុតាងបង្ហាញថា TikTok បានដឹងពីបញ្ហានេះ ដោយក្រៅពី Walton និង Arroyo ក៏មានករណីដូចខាងក្រោម៖

ទី១- ក្មេងអាយុ ១០ឆ្នាំនៅក្នុងប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងខែមករា ឆ្នាំ២០២១, ទី២- កុមារអាយុ ១២ឆ្នាំនៅរដ្ឋ Colorado ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងខែមីនា ឆ្នាំ២០២១, ទី៣- ក្មេងអាយុ ១៤ឆ្នាំនៅប្រទេសអូស្ត្រាលី ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងខែមិថុនា ឆ្នាំ២០២១, ទី៤- ក្មេងប្រុសអាយុ ១២នាំនៅអូក្លាហូម៉ា ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងខែកក្កដា ឆ្នាំ២០២១ និងទី៥- ក្មេងអាយុ ១០ឆ្នាំនៅរដ្ឋ Pennsylvania បានស្លាប់នៅខែធ្នូ ឆ្នាំ២០២១។

ជាមួយគ្នានេះដែរក្រុមហ៊ុន TikTok បានប្រឈមមុខនឹងការប្តឹងផ្តល់ និងរងការផាកពិន័យកាលពីឆ្នាំ២០១៩ ដោយក្រុមហ៊ុនបានយល់ព្រមបង់ប្រាក់ចំនួន ៥.៧លានដុល្លារ ដើម្បីទូទាត់ការចំណាយពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ ១៣ឆ្នាំចុះឈ្មោះប្រើ App របស់ខ្លួន ដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ៕

អត្ថបទ៖ Bee
ប្រភព៖ springnews

Share This Post: