អង្គការសហប្រជាជាតិ៖ ចំនួនប្រជាជនឥណ្ឌាទំនងជានឹងវ៉ាដាច់ចំនួនប្រជាជនចិននៅឆ្នាំ២០២៣
- BY
- autoadmin
- July 12, 2022
អង្គការសហប្រជាជាតិបាននិយាយថា ឥណ្ឌាទំនងជានឹងវ៉ាដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនៅឆ្នាំ២០២៣។ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃចន្ទ ដោយខ្លួនបាននិយាយថា ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងឆ្នាំនេះ ដែលមានប្រជាជនចំនួន ១.៤២ ពាន់លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាចំនួន ១.៤១ ពាន់លាននាក់។ របាយការណ៍នេះបានព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងវ៉ាដាច់ប្រទេសចិននៅឆ្នាំក្រោយ ហើយបន្តកើនឡើងសម្រាប់ឆ្នាំខាងមុខទៀត។

ខ្លួនក៏និយាយផងដែរថា នៅឆ្នាំ២០៥០ ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រជាជនច្រើនជាង ១.៦៦ ពាន់លាននាក់ ហើយប្រទេសចិននឹងដើរយឺតជាង ជាមួយនឹងចំនួនប្រជាជនប្រហែល ១.៣១ ពាន់លាននាក់ប៉ុណ្ណោះ។
អង្គការសហប្រជាជាតិបានកត់សម្គាល់កំណើនប្រជាជនរបស់ប្រទេសឥណ្ឌា ដោយសារប្រទេសនេះកំពុងមានអត្រាមរណភាពទារកធ្លាក់ចុះ ដូចដែលបានរាយការណ៍ដោយធនាគារពិភពលោក។ បើងាកទៅមើលប្រទេសចិនវិញ ពួកគេបានចាប់ផ្តើមគោលនយោបាយមានកូនតែមួយ នៅប្រហែលឆ្នាំ១៩៨០ ដែលបណ្តាលឱ្យអត្រាកំណើតធ្លាក់ចុះ និងសមាមាត្រនៃមនុស្សចាស់កើនឡើង។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោកនឹងកើនឡើងដល់ ៨ ពាន់លាននាក់ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ ហើយវានឹងកើនឡើងដល់ ៩.៧ ពាន់លាននៅឆ្នាំ២០៥០៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






