សហរដ្ឋអាមេរិកបាននិយាយថា អ៉ីរ៉ង់គ្រោងនឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅអោយរុស្ស៊ី
- BY
- autoadmin
- July 12, 2022
សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសអ៉ីរ៉ង់គ្រោងនឹងផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់រយគ្រឿង សម្រាប់ការប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា រដ្ឋាភិបាលអ៉ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក UAVs ជាច្រើនរយគ្រឿង រួមទាំង UAVs ដែលមានសមត្ថភាពបំពាក់សព្វាវុធ ទៅតាមពេលវេលាកំណត់។ លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា អ៉ីរ៉ង់ក៏កំពុងត្រៀមចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីនៅដើមខែនេះ ដើម្បីធ្វើការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកទាំងនោះ។

លោក Sullivan បាននិយាយថា វាមិនច្បាស់ទេថា តើអ៉ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រភេទណាមួយ ទៅឱ្យរុស្ស៊ីនៅឡើយទេ។ ប៉ុន្តែលោកបានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើករបស់អ៉ីរ៉ង់ ត្រូវបានក្រុមឧទ្ទាម Houthi ប្រើប្រាស់ក្នុងប្រទេសយេម៉ែន ដើម្បីវាយប្រហារអារ៉ាប៊ីសាអូឌីត។ យន្តហោះគ្មានមនុស្សបើក ឬយើងហៅថាដ្រូន បានដើរតួយ៉ាងសំខាន់លើភាគីទាំងសងខាងនៃសង្គ្រាមនៅអ៊ុយក្រែន សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីការបាញ់មីស៊ីលពីចម្ងាយ រហូតដល់ការទម្លាក់គ្រាប់បែកតូចៗលើគោលដៅ ធ្វើការឈ្លបយកការណ៍សម្រាប់កងកម្លាំងកាំភ្លើងធំ និងកងទ័ពជើងគោកជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ The Wall Street Journal
- Share This Post:






