ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋជប៉ុនបានចេញមករង់ចាំ​នៅតាមចិញ្ចើម​ផ្លូវ ដើម្បីគោរព និងសំពះលាលោក អាបេ យ៉ាងអាឡោះ​អាល័យ

    BY autoadmin July 12, 2022
    ពលរដ្ឋជប៉ុនបានចេញមករង់ចាំ​នៅតាមចិញ្ចើម​ផ្លូវ ដើម្បីគោរព និងសំពះលាលោក អាបេ យ៉ាងអាឡោះ​អាល័យ

    ជាមួយនឹងការសំពះ បាច់ផ្កា និងទង់ជាតិ ដែលរុំដោយខ្សែបូពណ៌ខ្មៅ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានធ្វើការលាគ្នាយ៉ាងអាឡោះ​អាល័យទៅកាន់សពលោក អាបេ ស៊ីនហ្សូ ដែលគាត់ធ្លាប់ជាឥស្សរជននិយមជាន់ខ្ពស់ម្នាក់ និងធ្លាប់ជានាយករដ្ឋមន្ត្រី កាន់តំណែងបានយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន។ រំលឹកដែរថា លោក អាបេ ត្រូវបានបុគ្គលយង់ឃ្នងម្នាក់លបធ្វើឃាតដោយប្រើកាំភ្លើងច្នៃកាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យរង្គោះរង្គើពេញពិភពលោក ដោយសារថា ប្រទេសនេះមានកំណត់ត្រាទាបបំផុតទាក់ទងនឹងកាំភ្លើង ហើយច្បាប់កាន់កាប់កាំភ្លើងក៏មានភាពតឹងរ៉ឹងខ្លាំងណាស់ដែរ។

    ពលរដ្ឋបានចេញមករង់ចាំ​នៅតាមចិញ្ចើម​ផ្លូវ​ ហើយប៉ូលីសជាច្រើននាក់ ក៏បានចេញមកធ្វើការគោរពជូនដំណើរទៅកាន់លោក អាបេ នៅពេលដែលសពរបស់គាត់ ត្រូវបាន​ដង្ហែចេញ​ដំណើរ​ពី​វត្តមួយនៅ​កណ្តាលទី​ក្រុង​តូក្យូ​។ ក្បួនដង្ហែររបស់លោក អាបេ អមដោយឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ខណៈពលរដ្ឋខ្លះបានលើកដៃសំពះ ខ្លះក៏ឱនក្បាលចុះ និងខ្លះទៀតបានទះដៃ ដើម្បីជាការគោរព សាទរ និងអរគុណ ចំពោះកិច្ចការបម្រើជាតិ និងបម្រើពលរដ្ឋជប៉ុននាពេលកន្លងមក។

    ក្បួនដង្ហែបានឆ្លងកាត់រដ្ឋធានី Nagatacho ដែលជាកន្លែងពលរដ្ឋរាប់រយនាក់ បានតម្រង់ជួរនៅមុខអគារសភា កន្លែងដែលលោក អាបេ បានចូលជាសមាជិកសភាទាំងនៅវ័យក្មេង ក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីមរណភាពរបស់ឪពុករបស់គាត់។ ចំណែកនាយករដ្ឋមន្ត្រី Fumio Kishida និងគណៈរដ្ឋមន្ត្រីមួយក្រុម ក៏បានរង់ចាំលោក អាបេ យ៉ាងស្ងៀមស្ងាត់នៅមុខការិយាល័យ ដែលលោក អាបេ ធ្លាប់ដឹកនាំប្រទេសចំនួន ២អាណត្តិ នៅទីនោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: