អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៉ីរ៉ង់នៅសប្តាហ៍ក្រោយ

BY
autoadmin
July 13, 2022

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៉ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីអ៉ីរ៉ង់ និងទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃទី១៩ ខែកក្កដា ហើយជួបជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋធានីអ៉ីរ៉ង់ ដើម្បីកិច្ចពិភាក្សាជាមួយលោក ពូទីន។ ចំណែកកិច្ចប្រជុំត្រីភាគី សម្រាប់មេដឹកនាំទាំង ៣ ក៏ត្រូវបានគ្រោងទុកផងដែរ។

មេដឹកនាំទាំង ៣ នឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន និងវិបត្តិស្បៀងអាហារ ដែលកំពុងវិវឌ្ឍន៍ ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន។ ការ​បិទ​ទ្វារ​ច្រកសមុទ្រខ្មៅ បាន​រារាំងការដឹងជញ្ជូន​គ្រាប់​ធញ្ញជាតិ​មិន​ឱ្យ​​នាំ​ចេញបាន។ លោក ពូទីន បាននិយាយជាមួយលោក Erdogan តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ហើយបានប្រកាសថា ការរៀបចំផ្សេងៗកំពុងត្រូវបានធ្វើឡើងសម្រាប់កិច្ចប្រជុំទល់មុខរបស់ពួកគេ។ ប្រធានាធិបតីរុស្ស៊ីត្រូវបានគេជឿថា កំពុងព្យាយាមបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអ៉ីរ៉ង់ និងទួរគី ដើម្បីទប់ទល់នឹងសម្ពាធពីប្រទេសលោកខាងលិច៕

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

Share This Post: