ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានលួចភៀសខ្លួនទៅកោះម៉ាល់ឌីវតាមយន្តហោះយោធា ហើយមិនបានបញ្ជូនលិខិតលាលែងពីតំណែងទៅសភាតាមការសន្យានៅឡើយទេ
- BY
- autoadmin
- July 13, 2022
ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានលួចភៀសខ្លួនចេញពីប្រទេសតាមយន្តហោះយោធា ចំពេលមានការតវ៉ាដ៏ធំ ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា។ កងទ័ពអាកាសរបស់ប្រទេសនេះបានបញ្ជាក់ថា បុរសវ័យ ៧៣ ឆ្នាំរូបនេះ បានហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវ ជាមួយនឹងប្រពន្ធរបស់គាត់ និងមន្ត្រីសន្តិសុខចំនួន ២ នាក់។ ពួកគេបានមកដល់រដ្ឋធានី Male នៅម៉ោងប្រហែល ០៣:០០ នាទី ម៉ោងក្នុងស្រុក (២២:០០ GMT)។ ការចាកចេញរបស់លោក Rajapaksa បញ្ជាក់ពីការបញ្ចប់សែស្រឡាយមួយ ដែលបានគ្រប់គ្រងអំណាចលើប្រទេសស្រីលង្កាអស់ជាច្រើនទសវត្សរ៍។

លោក Gotabaya Rajapaksa បានព្យាយាមលាក់ខ្លួន បន្ទាប់ពីហ្វូងបាតុករបានសម្រុកចូលលំនៅដ្ឋានរបស់គាត់ កាលពីថ្ងៃសៅរ៍ ដើម្បីបង្ខំឱ្យគាត់ចុះចេញពីតំណែងជាបន្ទាន់។ មុននេះ ប្រធានាធិបតីរូបនេះក៏បានសន្យាថា នឹងលាលែងពីតំណែងនៅថ្ងៃពុធទី១៣ ខែកក្កដា ប៉ុន្តែរហូតដល់ព្រឹកថ្ងៃពុធនេះ ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកមិនទាន់បានបញ្ជូនលិខិតលាលែងពីតំណែងទៅប្រធានសភានៅឡើយទេ។ គួរឱ្យដឹងដែរថា អស់ជាច្រើនខែមកហើយ ប្រទេសស្រីលង្ការបានជួបបញ្ហាជាមួយនឹងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ និងកង្វះខាតសម្ភារៈមូលដ្ឋាន ដូចជា៖ប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ និងបញ្ហាជាច្រើននេះ។ លោក Gotabaya Rajapaksa ត្រូវបានគេជឿថា មានគម្រោងចង់ចេញទៅក្រៅប្រទេស មុនពេលដែលគាត់ត្រូវចុះចេញពីតំណែង ដើម្បីជៀសវាងលទ្ធភាពនៃការចាប់ខ្លួនដោយរដ្ឋបាលថ្មី៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






