ការសិក្សារបស់ជប៉ុនបានបង្ហាញថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.5 របស់ជំងឺកូវីដ១៩ ងាយនឹងធ្វើឱ្យឆ្លងមេរោគច្រើនជាងទម្រង់ពីមុនៗ
- BY
- autoadmin
- July 14, 2022
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបាននិយាយថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.5 របស់ជំងឺ COVID-19 អាចបង្កឱ្យឆ្លងមេរោគ ឬចម្លងជំងឺ COVID-19 លឿនជាងប្រភេទពីមុនៗ នេះបើតាមការចុះផ្សាយដោយទូរទស្សន៍ NHK ។ ក្រុមមួយដែលមានឈ្មោះថា G2P-Japan ដឹកនាំដោយសាស្រ្តាចារ្យលោក Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យតូក្យូ បានរាយការណ៍ពីការរកឃើញរបស់ពួកគេនៅក្នុងការបោះពុម្ពអត្ថបទ ដែលបានចេញផ្សាយយ៉ាងទូលំទូលាយនៅលើអ៉ីនធឺណិត។ ក្រុមនេះបានបង្កើតអនុទម្រង់ BA.5 និង BA.2 សិប្បនិម្មិត ដើម្បីធ្វើការប្រៀបធៀបគ្នាពីទំហំនៃការចម្លងរបស់មេរោគទាំង ២ ។

បន្ទាប់មក ពួកគេបានដាក់អនុទម្រង់ទាំង ២ ទៅក្នុងកោសិកាពិសោធន៍ដាច់ៗពីគ្នា ដើម្បីពិនិត្យមើលថា តើមេរោគនឹងកើនឡើងបានប៉ុនណា។ រយៈពេល ២៤ ម៉ោងក្រោយមក ពួកគេបានរកឃើញថា កម្រិតមេរោគនៅក្នុងកោសិកាដែលចាក់បញ្ចូល BA.5 គឺខ្ពស់ជាង កោសិកាដែលចាក់បញ្ចូល BA.2 រហូតដល់ទៅ ៣៤ ដង។ អ្នកស្រាវជ្រាវក៏និយាយដែរថា ការពិសោធន៍របស់ពួកគេដោយប្រើសត្វកណ្ដុរ ក៏បានបង្ហាញដែរថា អនុទម្រង់ BA.2 ធ្វើឱ្យសត្វកណ្ដុរស្រកគីឡូបន្តិចប៉ុណ្ណោះ ខណៈសត្វកណ្ដុរផ្សេងដែលចាក់បញ្ចូល BA.5 បានស្រកគីឡូរហូតដល់ ១០% នៃទម្ងន់ដើមរបស់ពួកវា។
ពួកគេក៏និយាយដែរថា កម្រិតនៃការរលាកសួតដែលត្រូវបានគេសង្កេតឃើញនៅក្នុងអនុទម្រង់ BA.5 គឺខ្ពស់ជាងអនុទម្រង់ BA.2 នៃវ៉ារ្យ៉ង់អូមីក្រុង។ ក្រុមនេះនិយាយថា ថ្វីបើមានភាពដាច់ឆ្ងាយពីគ្នារវាងវ៉ារ្យ៉ង់ទាំង ២ ពួកគេក៏ចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀតអំពីរោគសញ្ញានៅក្នុងមនុស្សផងដែរ។ សាស្ត្រាចារ្យលោក Sato និយាយថា មេរោគនឹងមិនតែងតែចុះខ្សោយទៅវិញនោះទេ ដោយសារមេរោគនៅតែបន្តប្រែប្រួល ហើយវាចាំបាច់ក្នុងការបង្កើនការប្រុងប្រយ័ត្ន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






