វៀតណាមបានប្រកាសឱ្យតាមមន្ទីរពេទ្យត្រូវត្រៀមខ្លួនទទួលអ្នកជំងឺ ខណៈករណីជំងឺគ្រុនឈាមកំពុងមានការកើនឡើង
- BY
- autoadmin
- July 14, 2022
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ករណីជំងឺគ្រុនឈាមនៅក្នុងប្រទេស គិតមកដល់ពេលនេះមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ហើយបានបង្គាប់ឱ្យមន្ទីរពេទ្យរបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត។ គ្រុនឈាមគឺជាជំងឺចម្លងដោយសត្វមូស ដែលកើតមានញឹកញាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។ ករណីធ្ងន់ធ្ងរនឹងធ្វើឱ្យហូរឈាម និងមិនមានវ៉ាក់សាំងការពារទេ។

ប្រទេសដែលមានប្រជាជន ៩៨ លាននាក់ មួយនេះ ជាធម្មតាបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ១១០,០០០ ករណី ជារៀងរាល់ឆ្នាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការឆ្លងកើនឡើងជាធម្មតានៅចន្លោះខែមិថុនា ដល់ខែតុលា។ យ៉ាងណាក្រសួងបាននិយាយថា៖«ចំនួនករណីត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងបន្ថែមទៀត ជាមួយនឹងករណីធ្ងន់ធ្ងរ ដែលត្រូវសម្រាកនៅមន្ទីរពេទ្យ»។ ដូច្នេះ មន្ទីរពេទ្យទាំងនៅថ្នាក់ខេត្ត និងស្រុក ចាំបាច់ត្រូវផ្តោតលើធនធានរបស់ពួកគេ ដើម្បីទទួល និងព្យាបាលករណីធ្ងន់ធ្ងរ។
ជម្រាបដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ៨៩,១២០ ក្នុងរយៈពេល ៦ ខែដំបូង ក្នុងឆ្នាំនេះ ដែលកើនឡើងពីចំនួន ៣៥,៩៣៦ កាលពីឆ្នាំមុន ពោលគឺកើនឡើង ១៤៨ ភាគរយ។ ចំណែកការស្លាប់បានកើនឡើង ៣ដង ដល់ ៣៤នាក់ ក្នុងរយៈពេលដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






