ស្អាតឆ្លាតពូកែ! ពីក្មេងស្រីម្នាក់ដែលក្រុមគ្រួសារជំពាក់បំណុលគេរាប់មុឺនដុល្លារ តស៊ូរលាស់ខ្លួនរហូតក្លាយជាម្ចាស់ក្រុមហ៊ុនល្បីនៅថៃត្រឹមវ័យតែ ២១ឆ្នាំ
- BY
- autoadmin
- July 19, 2022
ថៃ៖ អ្នកនាង Vow narm ឬ Waewwan Kannanthorn ជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាស្បែកដ៏ល្បីមួយនៅក្នុងប្រទេសថៃ។ អ្នកជំនួញឆ្នើមរូបនេះ បានក្លាយជានាយកប្រតិបត្តិត្រឹមវ័យតែ ២១ឆ្នាំប៉ុណ្ណោះ។ ទម្រាំជោគជ័យក្លាយជាម្ចាស់ប្រ៊េន Rose Gold ដែលជាអាជីវកម្ម ថែរក្សាស្បែក និង Collagen តម្លៃរាប់លានដុល្លារមិនមែនជារឿងងាយស្រួលទេ គឺអ្នកនាង Vow narm ជួបព្យុះភ្លៀងច្រើនណាស់ ហើយមួយកាក់មួយសែនដែលបង្កើតឡើងគឺសុទ្ធតែបានមកពីការតស៊ូ និងការជំនះរបស់នាង។

អ្នកនាង Vow narm បានរៀបរាប់ទាំងមិនលាក់លៀមថា មុនពេលមានអាជីវកម្មរាប់លានដុល្លារក្នុងដៃ អ្នកនាងគឺជាកូនស្រីនៅក្នុងគ្រួសារមួយដែលប្រកបរបរបោះដុំគ្រឿងអលង្ការនៅសំផេង។ ក្រោយមកជំនួញរបស់គ្រួសារជួបបញ្ហាធំ ដោយត្រូវជំពាក់បំណុលគេដល់ទៅ ១០លានបាត ឬជាង ៣២មុឺនដុល្លារ អ្នកនាងក៏បានក្លាយទៅជាបង្គោលក្នុងគ្រួសារទាំងវ័យក្មេងគឺនៅអាយុ ១៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាបំណុល។ កត្តាទាំងនេះហើយបានជំរុញឱ្យអ្នកនាងចាប់ផ្ដើមរកប្រាក់ចំណូលសម្រាប់ខ្លួនឯង និងមានមហិច្ឆតាចង់ក្លាយជាម្ចាស់អាជីវកម្ម ព្រោះមិនបាច់សុំលុយឪពុកម្តាយចាយ។ ជាមួយគ្នានេះ អ្នកនាងក៏ត្រូវបានជម្រុញ ដោយសារមានដុងរកស៊ីពីកំណើត ហើយរួមផ្សំទាំងការមើលស្រាលពីអ្នកនៅជុំវិញខ្លួនថា វ័យត្រឹម ១៣ឆ្នាំធ្វើអ្វីកើត មិនអាចធ្វើបានទេ ទើបអ្នកនាងតស៊ូជំនះរហូតទទួលបានជោគជ័យ អាចរកចំណូលបានរាប់លានដុល្លារ និងក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយនៅថៃ ដោយប្រើពេលតែ ២ឆ្នាំ។
តាមរយៈបទពិសោធ និងការតស៊ូរបស់ខ្លួន អ្នកនាង Vow narm បានផ្ញើសារមួយដល់មនុស្សគ្រប់គ្នាថា ពេលយើងចេញរកស៊ីទាំងវ័យក្មេង នៅអាយុតិច មិនសូវទទួលបានតម្លៃទេ អ្នកខ្លះមើលមកថាយើងធ្វើមិនបានទេ គំនិតខ្ចីណាស់ មិនដូចអ្នកអាយុច្រើនឡើយ ប៉ុន្តែគ្រប់យ៉ាងគឺវាអាស្រ័យទៅលើការជឿជាក់ ការតាំងចិត្ត និងការដាក់គោលដៅឱ្យបានច្បាស់លាស់របស់យើងប៉ុណ្ណោះ ដូច្នេះស្រលាញ់អ្វី ចង់ធ្វើអ្វីតាំងចិត្តធ្វើវាទៅ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ៕




អត្ថបទ៖ Bee
ប្រភព៖ mgronline
- Share This Post:






