ស្ត្រីជនជាតិអាមេរិកម្នាក់ ត្រូវបានប៉ូលីសផាកពិន័យ ក្រោយបើកបរលើគន្លងផ្លូវដែលតម្រូវអោយមានអ្នកដំណើរលើឡានជាមួយ ស្រាប់តែនាងតវ៉ាថា នាងមិនបានបើកតែឯងទេ គឺនាងបើកជាមួយកូនក្នុងផ្ទៃ
- BY
- autoadmin
- July 15, 2022
ស្ត្រីជនជាតិអាមេរិកម្នាក់មានឈ្មោះថា Brandy Bottone អាយុ ៣៤ឆ្នាំត្រូវបានពិន័យជាប្រាក់ចំនួន ២៧៥ដុល្លារ ដោយប៉ូលីសរដ្ឋតិចសាស់ ដោយសារតែនាងបានបើកបរតែម្នាក់ឯងនៅក្នុងគន្លងដែលតម្រូវអោយមានអ្នកដំណើររួមជាមួយ។ ស្ត្រីរូបនេះមានផ្ទៃពោះ ៣៤សប្តាហ៍ កំពុងប្រញាប់ទៅទទួលកូនប្រុសនៅសាលា ប៉ុន្តែត្រូវបានប៉ូលិសហៅឱ្យឈប់រថយន្ត ហើយបានសួរថា «ហេតុអ្វីបានជាគាត់បើកបរក្នុងផ្លូវចរាចរណ៍នោះ ទាំងដែលគាត់ធ្វើដំណើរតែម្នាក់ឯង?»។ បន្ទាប់មកអ្នកស្រី Bottone ក៏បានឆ្លើយប្រាប់ប៉ូលិសថា៖ គាត់មិនបានបើកបរតែម្នាក់ឯងទេ ប៉ុន្តែគាត់មានកូនម្នាក់នៅក្នុងផ្ទៃ។

“គាត់បានសួរថា “មានអ្នកផ្សេងនៅក្នុងឡានទេ?” ហើយបន្ទាប់មកគាត់ក៏បានមើលទៅក្នុងឡានរបស់ខ្ញុំ ហើយខ្ញុំក៏ឆ្លើយថា “មានតើ” ហើយគាត់ក៏បានសួរបន្តថា នៅឯណា? ខ្ញុំក៏បានចង្អុលមកកាន់ពោះរបស់ខ្ញុំថា “នៅក្នុងនេះ” នេះជាសម្តីដែលអ្នកស្រី Bottone រៀបរាប់ប្រាប់សារព័ត៌ CNN។
រឿងនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើអ៉ីនធឺណិតនៅអាមេរិក ពីព្រោះមុននេះបន្តិច តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានសម្រេចថា អ្នកដែលអាចកំណត់សិទ្ធិរំលូតកូន មិនមែនជាអំណាចរបស់រដ្ឋាភិបាលសហព័ន្ធទេ ប៉ុន្តែជាអំណាចនៃរដ្ឋនីមួយៗ ដែលរដ្ឋតិចសាស់ ដែលជាកន្លែងកើតហេតុនោះ ព្យាយាមចេញច្បាប់ដើម្បីហាមឃាត់ការរំលូតកូន ដោយហេតុផលថា អំប្រ៊ីយ៉ុងឬទារកដែលមិនទាន់កើត គឺជាមនុស្សនៅក្រោមច្បាប់ព្រហ្មទណ្ឌរបស់រដ្ឋ។
យ៉ាងណាមិញ អ្នកនិយមលេងអ៉ីនធឺណិតមួយចំនួន បានសរសើរចំពោះការឆ្លើយតបរបស់លោកស្រី Botton ផងដែរ ព្រោះពលរដ្ឋត្រូវបានរឹតត្បិតសិទ្ធិរំលូតកូន ដោយសារតែចាត់ទុកអំប្រ៊ីយ៉ុងជាមនុស្ស អំប្រ៊ីយ៉ុងត្រូវរាប់ជាអ្នកដំណើរម្នាក់ទៀត ហើយចម្លើយនេះគឺចង្អុលបង្ហាញពីចន្លោះប្រហោងរបស់ច្បាប់ បន្ទាប់ពីតុលាការកំពូលអាមេរិកបានចេញសេចក្តីសម្រេចបដិសេធសេចក្តីសម្រេចសិទ្ធិរំលូតកូនដែលមានពីមុនមក។ ទោះជាយ៉ាងណាក្ដី លោកស្រី Bottone មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប៉ូលីសបានអះអាងថា «នឹងមិនស្តាប់ការលើកឡើងរបស់នាង» ប៉ុន្តែអ្នកស្រីបានបញ្ជាក់ប្រាប់ថា មូលហេតុដែលមានការឆ្លើយតបបែបនោះ គឺមិនមែនជាគោលជំហរដែលពាក់ព័ន្ធនឹងយោបាយស្តីពីសិទ្ធិរំលូតកូននោះទេ គ្រាន់តែចង់ឱ្យប៉ូលីសលុបចោលសំបុត្រផាកពិន័យខ្លួនឯងតែប៉ុណ្ណោះ។ បច្ចុប្បន្ន អ្នកស្រី Bottone កំពុងជួលមេធាវីដើម្បីការពារសំណុំរឿងរបស់នាង ហើយនឹងទៅតុលាការក្នុងខែកក្កដា ប្រសិនបើអ្នកស្រីពុំទាន់សម្រាលកូនក្នុងផ្ទៃនោះទេ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






