ទីបំផុតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ព្រមដាក់លិខិតលាលែងពីតំណែងទៅសភាហើយ
- BY
- autoadmin
- July 15, 2022
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់ប្រធានសភាស្រីលង្កាបាននិយាយថា ប្រធានាធិបតី Gotabaya Rajapaksa បានផ្ញើលិខិតលាលែងពីតំណែងមកដល់ដៃការិយាល័យរួចហើយ។ ប្រសិនបើភាពត្រឹមត្រូវរបស់វាត្រូវបានផ្ទៀងផ្ទាត់ ហើយដំណើរការផ្លូវច្បាប់ទាំងអស់ត្រូវបានបញ្ចប់ ការលាលែងរបស់ប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ។ ក្រោយការថ្លែងនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ ក៏បានផ្ទុះការអបអរភ្លាមៗ។

រំលឹកដែរថា លោក Rajapaksa ធ្លាប់បានបញ្ជាក់ជាថ្មីថា លោកនឹងលាលែងពីតំណែងនៅថ្ងៃពុធ ប៉ុន្តែគាត់បានភៀសខ្លួនទៅប្រទេសម៉ាល់ឌីវតាមយន្តហោះយោធានៅថ្ងៃដដែល ដោយមិនបានធ្វើតាមសន្យានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សិង្ហបុរីបាននិយាយថា លោក Rajapaksa បានមកដល់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រសួងការបរទេសសិង្ហបុរីបាននិយាយថា៖«វាត្រូវបានបញ្ជាក់ថា លោក Rajapaksa ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចឯកជនមួយ»។ វាបានបន្ថែមថា៖«គាត់មិនបានសុំសិទ្ធិជ្រកកោនទេ ហើយក៏មិនបានទទួលសិទ្ធិជ្រកកោនដែរ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






