អន្តរជាតិ

ករណីលោក Abe Shinzo ប៉ូលីសបាននិយាយថា ជនសង្ស័យមានគុំនំរាប់ឆ្នាំជាមួយព្រះវិហារសាសនាមួយ ហើយក៏ធ្លាប់បង្ហោះសារនៅលើបណ្ដាញសង្គមពីកំហឹងរបស់ខ្លួនផងដែរ

BY
autoadmin
July 18, 2022

ការ​ខឹងសម្បារ​ប្រឆាំង​នឹង​ក្រុម​សាសនា ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ដែល​គេ​ជឿ​ថា ​ត្រូវ​បាន​សរសេរ​ដោយ​ជនសង្ស័យ ដែល​បាន​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋមន្ត្រី​លោក អាបេ ស៊ីនហ្សូ (Abe Shinzo)។ ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Yamagami Tetsuya មានកំហឹងចំពោះសហព័ន្ធគ្រួសារនៃសន្តិភាព និងការបង្រួបបង្រួមពិភពលោក (Family Federation of World Peace and Unification) ដែលពីមុនត្រូវបានគេស្គាល់ថា ជាព្រះវិហារបង្រួបបង្រួម ដែលម្តាយរបស់គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ជនសង្ស័យដែលមានអាយុ ៤១ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ នៅទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ។

នៅមុនការបាញ់ប្រហារ ជនសង្ស័យ Yamagami ត្រូវបានគេជឿថា បានបង្ហោះសារមួយ ដោយនិយាយថា លោក អាបេ មិនមែនជាសត្រូវចម្បងរបស់ខ្លួននោះទេ បើទោះបីជាអតីតនាយករដ្ឋមន្ត្រីរូបនេះ គឺជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតក៏ដោយ។ ជនសង្ស័យ Yamagami ក៏ត្រូវបានគេជឿថា បានសម្តែងការអាក់អន់ចិត្តម្តងហើយម្តងទៀតប្រឆាំងនឹងក្រុមនេះ នៅលើបណ្ដាញ Twitter ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការបង្ហោះទាំងនោះ រួមបញ្ចូលការនិយាយថា រឿងតែមួយគត់ដែលខ្លួនស្អប់គឺ វិហារបង្រួបបង្រួម ដូច្នេះគាត់មិនខ្វល់ថា មានអ្វីកើតឡើងចំពោះរដ្ឋបាលរបស់លោក អាបេ នោះទេ។ មួយផ្សេងទៀត​ ខ្លួននិយាយ​ថា «គ្រួសារ​ខ្ញុំ​បាន​បែកបាក់​គ្នា ​កាលពី​ខ្ញុំ​អាយុ ១៤ឆ្នាំ»។

យ៉ាងណាក៏ដោយ ប្រធានសហព័ន្ធគ្រួសារសាខានៅជប៉ុន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក អាបេ មិន​មែន​ជា​សមាជិក ឬ​ទីប្រឹក្សារបស់ក្រុមខ្លួនអ្វីនោះទេ។ លោក​បាន​និយាយ​ថា លោក អាបេ គ្រាន់តែធ្លាប់បាន​បង្ហាញ​សារ​មួយ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​អង្គការសដៀងគ្នាផ្សេងទៀតប៉ុណ្ណោះ។ ក្រុម​នេះ​បាននិយាយ​ថា គេ​មិន​អាច​ស្វែង​រក​ពេលវេលា និង​ចំនួនទឹកប្រាក់របស់​ម្តាយ​ជន​សង្ស័យ​បាន​ទេ។ ប្រភពពីពូរបស់ជនសង្ស័យបាននិយាយថា ម្ដាយជនសង្ស័យបានបរិច្ចាគទឹកប្រាក់ ១០០ លានយ៉េន ឬប្រហែល ៧២០,០០០ ដុល្លារ ហើយទឹកប្រាក់ចំនួន ៤០០,០០០ ដុល្លារ ក៏ត្រូវបានប្រគល់ទៅឱ្យម្ដាយជនសង្ស័យក្នុងរយៈពេល ១០ឆ្នាំ រាប់ចាប់ពីឆ្នាំ២០១៤។ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងយល់បន្ថែម អំពីរបៀបដែលការខឹងសម្បាររបស់ជនសង្ស័យប្រឆាំងនឹងក្រុមនេះ អាចនាំឱ្យគាត់វាយប្រហារអតីតនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: