ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន
- BY
- autoadmin
- July 18, 2022
ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាគឺលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោក ព្យាយាមលុបបំបាត់ភាពចលាចលក្នុងសង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញីដែនដីកោះមួយនេះ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖«វាជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវិតសហគមន៍»។

អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍មុន ដើម្បីគេចពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បាននិយាយថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសកោះមួយនេះ ប៉ុន្តែជាក់ស្ដែងគឺមិនដូចដែលគាត់បាននិយាយនោះទេ។ ជម្រាបផងដែរថា ពាក្យលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Rajapaksa ក៏បានជិះយន្តហោះទៅម៉ាល់ឌីវ និងបន្ទាប់មកសិង្ហបុរី បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់សែននាក់ បានចេញមកតាមដងផ្លូវនៃទីក្រុងកូឡុំបូកាលពីមួយសប្តាហ៍មុន ហើយបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






