ប្រទេសហ្គាណា បានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាវីរុសបងប្អូនតែមួយ ជាមួយនឹងវីរុសដែលបង្កជំងឺអេបូឡា
- BY
- autoadmin
- July 18, 2022
ប្រទេសហ្គាណាបានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាជំងឺដ៏សាហាវ និងឆ្លងខ្លាំងបំផុត នៅក្នុងគ្រួសារតែមួយជាមួយនឹងវីរុស ដែលបង្កឱ្យកើតជំងឺអេបូឡា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ករណីចំនួន ២ ត្រូវបានគេបញ្ជាក់ថាវិជ្ជមានកាលពីដើមខែនេះ និងត្រូវបានផ្ទៀងផ្ទាល់បន្ដនៅមន្ទីរពិសោធន៍នៃប្រទេសសេណេហ្គាល់ ខណៈអ្នកជំងឺបានស្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យក្នុងតំបន់ Ashanti ភាគខាងត្បូង។ មន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយថា អ្នកសង្ស័យថាបានប៉ះពាល់នឹងអ្នកជំងឺចំនួន ៩៨ នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

ជម្រាបផងដែរថា មិនទាន់មានការព្យាបាលសម្រាប់ការឆ្លងវីរុស Marburg នៅឡើយទេ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ការផឹកទឹកឱ្យបានច្រើន និងការព្យាបាលតាមរោគសញ្ញា ជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺ។ វីរុសនេះឆ្លងមកមនុស្សពីសត្វប្រចៀវ (Megabats) ហើយឆ្លងរវាងមនុស្សតាមរយៈការចម្លងសារធាតុរាវ។ វាជាជំងឺដ៏ធ្ងន់ធ្ងរមួយអាចបណ្ដាលឱ្យស្លាប់ ដោយមានរោគសញ្ញារួមមាន៖ ឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ក្អួតឈាម និងហូរឈាម។ មន្ត្រីកំពុងព្រមានប្រជាជនឱ្យនៅឆ្ងាយពីរូងភ្នំ និងត្រូវចំអិនសាច់សត្វទាំងអស់ឱ្យបានឆ្អិន មុននឹងទទួលទានវា។
អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថា នៅទ្វីបអាហ្រ្វិក ការផ្ទុះឡើងមុនៗ និងករណីជាបន្ដបន្ទាប់ៗ ត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។ ការផ្ទុះវីរុស Marburg ដំបូងបង្អស់គឺនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៦៧ ដែលធ្វើឱ្យមនុស្សចំនួន ៧ នាក់ បានស្លាប់។ វីរុសនេះបានសម្លាប់មនុស្សជាង ២០០ នាក់ នៅក្នុងប្រទេសអង់ហ្គោឡា ក្នុងឆ្នាំ២០០៥ ដែលជាការផ្ទុះឡើងអាក្រក់បំផុតក្នុងកំណត់ត្រា នេះបើយោងតាមស្ថាប័នសុខភាពពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






